ខេត្តរតនគិរី៖ បេក្ខនារីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ១រូបទទួលបានការបញ្ចូលខ្យល់អុកស៊ីហ្សែនក្នុងឡានពេទ្យ និងប្រឡងក្នុងឡានពេទ្យ បន្ទាប់ពីមានបញ្ហាសុខភាពក្នុងកំលុងពេលប្រឡង នៅខេត្តរតនគិរី។
យោងតាមការចុះផ្សាយរបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានឱ្យដឹងថានៅខេត្តរតនគិរី ក្នុងមណ្ឌលវិទ្យាល័យសម្ដេចឪសម្តេចម៉ែនាព្រឹកថ្ងៃទី២៩ ខែសីហានេះ មានករណីបេក្ខនារី ឈ្មោះ យិន ចាន់ឡា ភេទ ស្រី (ជនជាតិទំពួន) បន្ទប់លេខ ២៨ លេខតុ ៦៨៤ បញ្ហាសុខភាពត្រូវបានបញ្ជូនបន្ទប់សុខភាព មានអាការៈខ្សោយខ្លាំងដោយមានការឯកភាពពីប្រធានមណ្ឌល និងតាមរយៈការវាយតម្លៃពីគ្រូពេទ្យប្រចាំមណ្ឌលសម្រេចឱ្យបញ្ចូលខ្យល់អុកស៊ីហ្សែនក្នុងឡានពេទ្យ និងប្រឡងក្នុងឡានពេទ្យ។
បច្ចុប្បន្ន បេក្ខជន កំពុងទទួលបានការយកចិត្តទុកដាក់ពី ក្រុមគ្រូពេទ្យ និងគណៈកម្មការមណ្ឌលប្រឡង។
ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង៕