ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម ការជ្រើសរើសអាហារត្រឹមត្រូវគឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ។ គោលការណ៍សំខាន់ គឺការញ៉ាំអាហារដែលមានជាតិស្ករ និងកាបូអ៊ីដ្រាតទាប ព្រមទាំងមានជាតិសរសៃខ្ពស់។
ប្រភេទអាហារដែលអ្នកជំងឺទឹកនោមផ្អែមគួរញ៉ាំ
បន្លែ ៖ គ្រប់ប្រភេទបន្លែ ជាពិសេសបន្លែស្លឹកបៃតង ដូចជា ស្ពៃ ក្ដោប ខាត់ណា ត្រកួន ផ្ទី និង ម្ទេសប្លោក ។ បន្លែទាំងនេះមានកាឡូរី និងកាបូអ៊ីដ្រាតទាប តែមានវីតាមីន និងជាតិសរសៃខ្ពស់។
ផ្លែឈើ ៖ គួរជ្រើសរើសផ្លែឈើដែលមានជាតិស្ករទាប ដូចជា ផ្លែប៊ឺរ ក្រូចថ្លុង ក្រូចឆ្មារ ផ្លែប៊្លូបឺរី និង ផ្លែឈើបឺរីដទៃទៀត ។
គ្រាប់ធញ្ញជាតិ និងគ្រាប់សណ្ដែក ៖ គួរញ៉ាំអាហារដែលមានជាតិកាបូអ៊ីដ្រាតស្មុគស្មាញ (complex carbohydrates) ដូចជា អង្ករសម្រូប នំបុ័ងគ្រាប់ធញ្ញជាតិ (whole-grain bread) ពោត សណ្ដែក និងសណ្ដែកសៀង។ អាហារទាំងនេះជួយគ្រប់គ្រងជាតិស្ករបានល្អជាងអាហារកាបូអ៊ីដ្រាតសាមញ្ញ (simple carbohydrates) ដូចជា បាយស នំប៉័ងស និងនំខេក ។
សាច់ និងប្រូតេអ៊ីន៖ គួរញ៉ាំសាច់ដែលមានខ្លាញ់ទាប ដូចជា សាច់ត្រី សាច់មាន់គ្មានស្បែក ស៊ុត និងសណ្ដែកបាយ។ ខ្លាញ់ត្រីដូចជាត្រីសាម៉ុង ត្រីធូណា និងត្រីម៉ាខេរ៉ល (Mackerel) គឺល្អបំផុត ព្រោះវាសម្បូរដោយខ្លាញ់ល្អប្រភេទអូមេហ្គា ៣ (Omega-3)។
ខ្លាញ់ល្អ ៖ គួរញ៉ាំខ្លាញ់ល្អដែលមានក្នុង ប្រេងអូលីវ ប្រេងដូង ផ្លែបឺរ និងគ្រាប់ធញ្ញជាតិ។ ខ្លាញ់ទាំងនេះអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។
ក្រៅពីការជ្រើសរើសអាហារ ការបរិភោគជាប្រចាំ និងធ្វើលំហាត់ប្រាណទៀងទាត់ក៏សំខាន់ដែរ។ ដើម្បីទទួលបានលទ្ធផលល្អបំផុត អ្នកគួរពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញអាហារូបត្ថម្ភដើម្បីរៀបចំផែនការអាហារដែលស័ក្តិសមសម្រាប់សុខភាពរបស់អ្នក៕