រាជធានីភ្នំពេញ៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)យ៉ាងហោចណាស់ ៤០នាក់ មានបញ្ហាសុខភាព ក្នុងនោះមានជំងឺគ្រុនឈាមចំនួន៩នាក់ គិតត្រឹមព្រឹកថ្ងៃទី១។
យោងតាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថានាព្រឹកថ្ងៃទី១ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបេក្ខជនដែលមានបញ្ហាសុខភាព៤០នាក់ ក្នុងនោះបេក្ខជនដែលប្រឡងបន្តមានចំនួន៣៨នាក់ បោះបង់ការប្រឡងចំនួន២នាក់ បេក្ខជនប្រឡងដាច់ដោយឡែក១២នាក់ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន៩នាក់ និងគ្រោះថ្នាក់ចរាចរណ៍៤នាក់។ ដោយឡែកគណៈមេប្រយោគមានបញ្ហាសុខភាព២១នាក់។
ក្រសួងបានបញ្ជាក់ថា បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។
ក្រសួងអប់រំ បានជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។
សូមជម្រាបជូនថា ការប្រឡងបាក់ឌុបសម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៤៦.៧២០ នាក់ (ស្រី ៨១.៤៤២ នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០.៦៧៨ នាក់ (ស្រី ២៤.៥១៩ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១០៦.០៤២ នាក់ (ស្រី ៥៦.៩២៣ នាក់)៕