រាជធានីភ្នំពេញ៖ បេក្ខជនបាក់ឌុបមួយចំនួនមានបញ្ហាសុខភាព ខ្យល់គរ ខ្សោយកម្លាំង និងខ្លះទៀតជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងកំលុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី១នេះ។
យោងតាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ថានៅព្រឹកថ្ងៃទី១នេះ មានបេក្ខជននៅតាមមណ្ឌលមួយចំនួន ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តតាកែវ ដែលមានបញ្ហាសុខភាព និងបេក្ខជនខ្លះបានជួបគ្រោះថ្នាក់ចរាចរណ៍មុនថ្ងៃប្រឡង ត្រូវបានសម្របសម្រួល ដោយមានក្រុមគ្រូពេទ្រប្រចាំការ ដើម្បីអាចចូលរួម នៅក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥។
សម្រាប់បេក្ខជនដែលមានបញ្ហាសុខភាព ដូចជាខ្យល់គរ ខ្សោយកម្លាំង បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង៕