រាជធានីភ្នំពេញ៖ កុមារីកម្សត់ម្នាក់ ទទួលបានការវះកាត់ព្យាបាលជំងឺដុំសរសៃឈាមលើត្រចៀកខាងស្ដាំ ដោយជោគជ័យ និងបានវិលត្រឡប់មកកម្ពុជា រស់នៅជួបជុំជាមួយក្រុមគ្រួសារវិញហើយ។
យោងតាមការចុះផ្សាយរបស់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានឱ្យដឹងថា
ជាភ័ព្វសំណាងខ្ពស់បំផុតរបស់ “រក្សា” ដែលទទួលបានក្តីអាណិត មេត្តា ករុណា និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅបំផុតរបស់ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» តាមរយៈក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ សហការជាមួយក្រុមគ្រូពេទ្យរបស់អង្គការឆឺជី (Tzu Chi) បានបញ្ជូនក្មួយស្រី “រក្សា” ទៅវះកាត់ព្យាបាលជំងឺដុំសរសៃឈាម (Hemangioma) នៅមន្ទីរពេទ្យឆឺជី-តាលីន រដ្ឋធានីកោះតៃវ៉ាន់ តាំងពីខែតុលា ឆ្នាំ២០២៤ រហូតដល់ទទួលបានជោគជ័យនៅថ្ងៃនេះ។
ពេលនេះ ក្មួយស្រី “រក្សា” មានសុខភាពល្អមាំមួន និងសូមគោរពអរគុណនិងដឹងនូវគុណូបការៈដ៏ធំធេងរបស់ «សម្តេចមហាបវរធិបតី» និង «លោកជំទាវបណ្ឌិត» ហើយក្មួយស្រីដោយភ្ជាប់ជាមួយក្តីសង្ឃឹមថ្មីនេះ សូមសន្យាថានឹងខិតខំរៀនសូត្រដើម្បីក្លាយជាធនធានមនុស្សសម្រាប់ជាតិ។
គួរបញ្ជាក់ថា អង្គការឆឺជី បានទទួលបន្ទុកលើរាល់ការចំណាយលើការព្យាបាល ការហូបចុក និងការស្នាក់នៅក្នុងអំឡុងពេលព្យាបាល ក្រោមការចង្អុលបង្ហាញដ៏ថ្លៃថ្លាបំផុតរបស់ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ព្រមទាំងសម្របសម្រួលដោយសមាគមគ្រូពេទ្យ TYDA៕