​អ្នកជិះ​ឆត្រយោង​ម្នាក់​បាន​ជុង​ជាប់​មែកឈើ​ដ៏​ធំ​មួយ បន្ទាប់ពី​ធ្លាក់ចូល​ព្រៃ​។​

​រូបភាព​គួរឱ្យ​ស្រៀវ​ឆ្អឹងខ្នង​នេះ​បានបង្ហាញ​មែកឈើ​ទម្លុះ​ស្មា​របស់លោក អ៊ី​វ៉ាន់ ក្រា​ស៊ូ​ស្គី (Ivan Krasouski) មកពី​បេឡា​រុស​។​

​គាត់​កំពុង​ហោះហើរ​នៅ​ជិត​ភូមិ​ឡូ​សានី ជិត​ទីក្រុង​មីន (Minsk) នៅពេល​ដាច់​ខ្សែ​ឆត្រយោង ហើយ​គាត់​បាន​បាត់បង់​ការត្រួតត្រា រួច​ក៏​ធ្លាក់ចូល​ព្រៃ​។​

​មែកឈើ​ស្រួច​ដ៏​ធំ​មួយ​បាន​ចាក់​ទម្លុះ​ស្មា​របស់គាត់ នៅពេល​គាត់​ធ្លាក់​បុក​ព្រៃឈើ​។​

​របាយការណ៍​នានា​របស់​បេឡា​រុស​និយាយថា ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​កាត់​មែកឈើ​ចេញ​ពាក់កណ្តាល រួច​នាំ​គាត់​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ជាមួយ​មែកឈើ​មួយ​កំណាត់​ទៀត​ជាប់​នឹង​ស្មា​របស់គាត់​។​

​គាត់​បាន​ថតរូប​នៅពេល​កំពុង​រង់ចាំ​ឱ្យ​ក្រុមគ្រូពេទ្យ​ដក​មែកឈើ​ចេញពី​ស្មា​។ ក្រោយមក​គ្រូពេទ្យ​បាន​យក​មែកឈើ​នោះ​ចេញ​បានសម្រេច​។

​អ្នក​លោត​ឆត្រយោង​រូបនេះ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា គាត់​បាន​ធ្លាក់​បុក​ដើម​ស្រល់ ហើយ​ដំបូង​គាត់​មិនបាន​ដឹងថា គាត់​ជុង​ឈើ​ទេ​។​

​គាត់​និយាយថា “​ខ្ញុំ​គិតថា ខ្ញុំ​មាន​អារម្មណ៍​ស្រទន់​ធម្មតា ដូចជា​គ្មាន​ស្អី​កើតឡើង​ទេ​។ ខ្ញុំ​បាន​ក្រោក​ឡើង ហើយ​បន្ទាប់មក ស្រាប់​តែមាន​អ្វីមួយ​ទាញ​ខ្ញុំ​ត្រឡប់​ថយក្រោយ​វិញ​។ ខ្ញុំ​មើលចុះ​ឡើង ឃើញ​មែកឈើ​ដ៏​ធំ​ជាប់​នៅ​ទីនោះ​។ ខ្ញុំ​បាន​ហែក​អាវ​របស់ខ្ញុំ ហើយ​ឃើញ​មែកឈើ​ជាប់​ស្មា​របស់ខ្ញុំ ធំ​ប៉ុន​ផ្លែ​ឪឡឹក​”​។

​ជុង​ប៉ុន​ហ្នឹងហើយ​គាត់​នៅ​និយាយ​លេងសើច​ថា គាត់​មើលទៅ​ដូច​តួអង្គ​គំនូស​ជីវ​ច​ល​អាមេរិក ឈ្មោះ Groot៕

 

ប្រភព៖ rasmeinews.com

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង