រាជធានីភ្នំពេញ៖ ឪពុកវីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិទិសទី១ “ភ្នំទ្រព្យ” មានជំងឺប្រចាំកាយច្រើនប្រភេទ ទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុតដល់ផ្ទះ ហើយនឹងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញ។
យោងតាមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ឱ្យដឹងនៅថ្ងៃទី២១ ខែសីហានេះថា ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់តាំងឱ្យក្រុមគ្រូពេទ្យរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យនិងព្យាបាលដល់គេហដ្ឋានលោកតា «ឡូ ណុន» មានអាយុ ៧៦ឆ្នាំ និងត្រូវជាឪពុកវីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិទិសទី១ “ភ្នំទ្រព្យ” ខេត្តព្រះវិហារ។
លោកតាមានជំងឺប្រចាំកាយដូចជា ឈឺសន្លាក់ ញ័រទ្រូង អស់កម្លាំង លើសសម្ពាធឈាម និងរលាកទងសួត ហើយលោកតានឹងមកពិនិត្យនិងព្យាបាលសុខភាពលម្អិតបន្ថែមនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម:។
សូមជម្រាបជូនថារាល់ការចំណាយ និងការរស់នៅអំឡុងពេលពិនិត្យនិងព្យាបាល នឹងត្រូវបានទំនុកបម្រុងទាំងស្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕