រាជធានីភ្នំពេញ៖ ជំងឺស្ទះសរសៃឈាមបេះដូង គឺជា “ឃាតករស្ងៀមស្ងាត់” មួយប្រភេទ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។
យោងតាមមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថាកត្តាប្រឈមសំខាន់ៗនៃជំងឺនេះមានដូចខាងក្រោម៖
- អាយុច្រើន៖ នៅពេលដែលអាយុកាន់តែច្រើន ហានិភ័យនៃជំងឺបេះដូងក៏កើនឡើងដែរ។
- លើសជាតិខ្លាញ់ និងលើសទម្ងន់៖ ជាតិខ្លាញ់ក្នុងខ្លួនខ្ពស់អាចកកស្ទះនៅក្នុងសរសៃឈាម បណ្តាលឱ្យពិបាកក្នុងការរត់ឈាមទៅចិញ្ចឹមបេះដូង។
- ការជក់បារី៖ ជាតិពុលនៅក្នុងបារីអាចធ្វើឱ្យខូចខាតដល់សរសៃឈាម និងបង្កើនហានិភ័យនៃការស្ទះ។
- ជំងឺលើសឈាម៖ សម្ពាធឈាមខ្ពស់បង្កឱ្យមានបន្ទុកខ្លាំងលើសរសៃឈាម និងបេះដូង។
- ជំងឺទឹកនោមផ្អែម៖ ជំងឺទឹកនោមផ្អែមដែលមិនត្រូវបានគ្រប់គ្រងល្អអាចធ្វើឱ្យខូចខាតដល់សរសៃឈាមតូចៗនិងបង្កើនហានិភ័យនៃជំងឺបេះដូង។
- កង្វះលំហាត់ប្រាណ៖ អ្នកដែលមិនសូវធ្វើលំហាត់ប្រាណ ឬអង្គុយនៅកន្លែងមួយរយៈពេលយូរ ជាពិសេសអ្នកធ្វើការងារការិយាល័យ គឺមានហានិភ័យខ្ពស់។
ចំណុចសម្គាល់
ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីជំងឺស្ទះសរសៃឈាមបេះដូងនេះ លោកអ្នកដែលមានកត្តាប្រឈមខាងលើ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសជំងឺបេះដូងឱ្យបានទាន់ពេលវេលា ដើម្បីស្វែងរកដំណោះស្រាយការពារនិងព្យាបាលប្រកបដោយប្រសិទ្ធភាព៕