រាជធានីភ្នំពេញ៖ វីរកងទ័ព១រូបកើតជំងឺម្យ៉ាង ទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត នៅមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញ ក្រោមការទំនុកបម្រុងទាំងស្រុងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ។
យោងតាមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះផ្សាយនៅថ្ងៃទី២០ ខែសីហានេះ បានឱ្យដឹងថាដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានណែនាំឱ្យក្រុមការងារគ្រូពេទ្យរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនាំលោក «ធុច លីអ៉ីង» ជាវីរកងទ័ពដែលមានបញ្ហាឡើងកន្តួលក្រហមពេញខ្លួនយ៉ាងខ្លាំង ដែលអាចជាប្រភេទជំងឺ Psoriasis Vulgaris និង Strae Distensae មកពិនិត្យនិងព្យាបាលជាមួយគ្រូពេទ្យជំនាញរបស់ TYDA ប្រចាំមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។
សូមបញ្ជាក់ជូនថារាល់ការចំណាយក្នុងការព្យាបាល និងការរស់នៅអំឡុងពេលសម្រាកព្យាបាល ត្រូវបានទំនុកបម្រុងទាំងស្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕