ខេត្តសៀមរាប៖ ភរិយាគ្រួសារវីរកងទ័ព និងជនភៀសសឹកជាង៤០នាក់ សម្រាលកូននៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ដោយសុវត្ថិភាពទាំងម្ដាយនិងទារក។
យោងតាមមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បានឱ្យដឹងនៅថ្ងៃទី១៩ ខែសីហានេះថា គិតត្រឹមថ្ងៃទី១១ ខែសីហាដល់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ មានស្រ្តីសម្រាលកូនដែលមានក្រុមគ្រួសារវីរកងទ័ពជួរមុខសមរភូមិចំនួន ១៥នាក់។ និង ស្រ្តីក្រុមគ្រួសារភៀសសឹកមានចំនួន ២៧នាក់។
ជាមួយគ្នានេះដែរមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បានបង្ហាញពីសកម្មភាពប្រចាំថ្ងៃ របស់គិលានុបដ្ឋាយិកា ផ្នែកសង្រ្គោះទារក អគារក្រោយសម្រាលកូន និងឆ្មបក្នុងបន្ទប់សម្រាលកូន បង្រៀនអប់រំដល់ស្រ្តីក្រោយសម្រាលកូនអំពី៖
- របៀបបំបៅដោះកូនដោយទឹកដោះម្តាយសុទ្ធ តែមួយមុខគត់
- សារៈសំខាន់នៃទឹកដោះម្តាយ ជាពិសេសទឹកដោះម្តាយដំបូង (កូឡូស្រ្តូម) និងអាហារូបត្ថម្ភ។
- បង្រៀនម្តាយពីអត្ថប្រយោជន៍ការដាក់ទារកឱ្យប៉ះផ្ទាល់ស្បែកទារក និងស្បែកម្តាយគឺស្ថានភាព កង់គូរូ។
មន្ទីរពេទ្យបានបញ្ជាក់ដែរថា ជាមធ្យមការអប់រំ និងបង្រៀនដល់ស្រ្តីក្រោយសម្រាលកូន ដោយគិលានុបដ្ឋាយិកា និងឆ្មប មានចំនួន ៥០ ទៅ ៧០នាក់ ក្នុងមួយថ្ងៃ ដោយរាប់បញ្ចូលទាំងស្ត្រីនៅអគារក្រោយសម្រាលកូន បន្ទប់សម្រាលកូន និងស្ត្រីនៅអគារសង្គ្រោះទារក។
យោងតាមរបាយការណ៍បម្រើសេវាស្ត្រីមានផ្ទៃពោះនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥៖
- ពិគ្រោះជំងឺក្រៅ មានចំនួន ៤៣៤នាក់
- ស្រ្តីសម្រាកពេទ្យ មានចំនួន ២៦០នាក់
- សម្រាលកូនធម្មតា មានចំនួន ៦២នាក់
- សម្រាលកូនដោយវះកាត់ មានចំនួន ១៥នាក់។
សូមជម្រាបជូនថា រាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង៕