ជីវិតមមាញឹកអាចធ្វើឱ្យអ្នកមិនបានចាប់អារម្មណ៍លើសញ្ញាដែលរាងកាយរបស់អ្នកកំពុងបង្ហាញ។ ការយល់ដឹងពីសញ្ញាទាំងនេះអាចជួយអ្នកការពារសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកបានទាន់ពេលវេលា។
១. ខ្វះការផ្តោតអារម្មណ៍
នៅពេលអ្នកមានអារម្មណ៍ថប់បារម្ភ មិនស្ងប់ និងពិបាកផ្តោតអារម្មណ៍ នោះជាសញ្ញាដំបូងដែលអ្នកត្រូវការការសម្រាក។ ភាពតានតឹងអាចកាត់បន្ថយគុណភាពការងាររបស់អ្នកយ៉ាងខ្លាំង។
២. ពិបាកគេង
ការពិបាកគេងលក់ ឬភ្ញាក់កណ្តាលយប់ អាចបណ្តាលមកពីភាពតានតឹង និងការថប់បារម្ភ។ ប្រសិនបើបញ្ហានេះនៅតែបន្ត វាអាចប៉ះពាល់ដល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក។
៣. ទម្លាប់ញ៉ាំមិនធម្មតា
ការញ៉ាំច្រើន ឬតិចជាងធម្មតា គឺជាសញ្ញានៃភាពតានតឹង។ ការរំលងអាហារសំខាន់ ហើយញ៉ាំតែអាហារសម្រន់ ក៏ជាសញ្ញាប្រាប់ថាអ្នកគួរតែសម្រាកដែរ។
៤. គ្មានការលើកទឹកចិត្ត
ប្រសិនបើអ្នកមានអារម្មណ៍បាក់ទឹកចិត្ត មិនចង់ក្រោកទៅធ្វើការ ឬទៅសាលារៀន ហើយមិនចង់ធ្វើអ្វីដែលអ្នកធ្លាប់ចូលចិត្ត នោះអាចជាសញ្ញានៃភាពហត់នឿយផ្លូវចិត្ត ឬជំងឺធ្លាក់ទឹកចិត្ត។
៥. ឈឺរាងកាយគ្រប់ពេល
ភាពតានតឹង និងការសម្រាកមិនគ្រប់គ្រាន់អាចធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នកចុះខ្សោយ។ ដូច្នេះ អ្នកនឹងងាយឈឺក្បាល ឈឺពោះ ឬមានអារម្មណ៍មិនស្រួលខ្លួនញឹកញាប់។
៦. លែងរីករាយនឹងអ្វីដែលធ្លាប់ចូលចិត្ត
ប្រសិនបើអ្នកលែងមានអារម្មណ៍រីករាយជាមួយចំណូលចិត្តរបស់អ្នកទៀតហើយ នេះអាចជាសញ្ញានៃជំងឺ Anhedonia ដែលជាផ្នែកមួយនៃជំងឺធ្លាក់ទឹកចិត្ត។ វាដល់ពេលដែលអ្នកត្រូវសម្រាក ឬស្វែងរកជំនួយពីអ្នកជំនាញហើយ។
ចំណុចសម្គាល់
ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាទាំងនេះ សូមចំណាយពេល សម្រាកពីការងារ ឬទៅវិស្សមកាល ដើម្បីបន្ធូរអារម្មណ៍។ ប៉ុន្តែប្រសិនបើស្ថានភាពរបស់អ្នកធ្ងន់ធ្ងរ យកល្អគួរតែ ពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានការព្យាបាលសមស្រប៕