ការហត់នឿយនៅកន្លែងធ្វើការអាចប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក។ ដើម្បីចៀសវាងបញ្ហានេះ សូមអនុវត្តតាមគន្លឹះងាយៗទាំង ៥ នេះ។
១. គេងឱ្យបានគ្រប់គ្រាន់
ការគេងមិនលក់គឺជាសញ្ញាដំបូងនៃភាពហត់នឿយ។ ការគេងគ្រប់គ្រាន់ ៧-៩ ម៉ោងក្នុងមួយយប់ ជួយឱ្យខួរក្បាល និងរាងកាយរបស់អ្នកមានកម្លាំងឡើងវិញ ធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងត្រៀមខ្លួនសម្រាប់ថ្ងៃថ្មី។
២. ហាត់ប្រាណ
ការហាត់ប្រាណទៀងទាត់មិនត្រឹមតែល្អសម្រាប់រាងកាយទេ តែថែមទាំងជួយកាត់បន្ថយ ស្ត្រេស ធ្វើឱ្យ ការចងចាំប្រសើរឡើង និង បង្កើនផលិតភាព ទៀតផង។ វាជួយបំពេញថាមពល និងការពារភាពហត់នឿយ។
៣. សើច
ការសើចអាចជួយកាត់បន្ថយភាពតានតឹងបានយ៉ាងមានប្រសិទ្ធភាព។ ព្យាយាមរកឱកាសសើចឱ្យបានច្រើនដូចជា ជជែកជាមួយមិត្តរួមការងារ ឬមើលរឿងកំប្លែង ដើម្បីបន្ធូរអារម្មណ៍តានតឹងបន្ទាប់ពីធ្វើការ។
៤. មានជីវិតសង្គម
កុំផ្តោតតែលើការងារ។ ឆ្លៀតពេលជួបជុំមិត្តភក្តិ ឬចូលរួមសកម្មភាពក្រៅការងារដូចជា មើលកុន ឬដើរលេង។ ការមានជីវិតសង្គមដ៏សកម្មអាចជួយបំពេញថាមពលរបស់អ្នកមុនពេលចាប់ផ្តើមសប្តាហ៍ការងារថ្មី។
៥. រៀននិយាយថា “ទេ”
ការទទួលយកការងារទាំងអស់ដោយខ្លួនឯងអាចធ្វើឱ្យអ្នកតានតឹង និងហត់នឿយ។ រៀន កំណត់អាទិភាព ការងារ និង ហ៊ានបដិសេធ កិច្ចការដែលមិនចាំបាច់ ឬអាចផ្ទេរទៅឱ្យអ្នកដទៃបាន។ ការធ្វើបែបនេះអាចជួយអ្នកគ្រប់គ្រងកម្លាំង និងពេលវេលាបានល្អប្រសើរ។
ការអនុវត្តគន្លឹះទាំងនេះជាប្រចាំនឹងជួយអ្នកឱ្យមានសុខភាពល្អ និងមានថាមពល ដើម្បីធ្វើការដោយមិនមានអារម្មណ៍ហត់នឿយ៕