ក្មេងស្រីម្នាក់ អាយុ៦ឆ្នាំ ត្រូវបានធ្វើការវះកាត់ព្យាបាល និងកែលម្អជើង ដែលមានលក្ខណៈមិនប្រក្រតីពីកំណើត (Leg Length Discrepacy) រស់នៅភូមិគ្រើល ឃុំអណ្ដពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ។ នេះបើតាមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានផ្សាយនាថ្ងៃទី១៤ ខែសីហានេះ ។
ដោយក្តីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោកបានចាត់ឱ្យក្រុមគ្រូពេទ្យឯកទេសរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បំពេញការងារនៅមន្ទីរពេទ្យកុមារជាតិ ធ្វើការវះកាត់ព្យាបាល និងកែរលម្អជើងក្មួយស្រី«ចយ ស៊ូម៉ី» អាយុ ៦ឆ្នាំ ដែលមានលក្ខណៈមិនប្រក្រតីពីកំណើត (Leg Length Discrepacy) រស់នៅភូមិគ្រើល ឃុំអណ្ដពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។
ការវះកាត់កែលម្អជើងនេះ ត្រូវប្រើរយៈពេលយូរ និងច្រើនដំណាក់កាលទើបជើង «ស៊ូម៉ី» មានភាពល្អប្រសើរឡើងវិញ ។
គួររំលឹកផងដែរថា ក្រុមគ្រូពេទ្យ TYDA បានធ្វើការវះកាត់កែរជង្គង់ (Right Knee Valgus) ដំណាក់កាលទី១ កាលពី១ឆ្នាំមុន បានដោយជោគជ័យ ។ ភាពជោគជ័យនៅដំណាក់កាលទី២នេះ ជាជំហានបន្ទាប់ ដើម្បីត្រៀមវះកាត់លើកទី៣ ។
បន្ទាប់ពីការវះកាត់ទាំង២ ដំណាក់កាលបានដោយជោគជ័យ ម្តាយរបស់ «ស៊ូម៉ី» មានអារម្មណ៍សប្បាយត្រេកអរយ៉ាងក្រៃលែង ថែមទាំងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចធិបតី និងលោកជំទាវបណ្ឌិត ។
សូមបញ្ជាក់ថា រាល់ការចំណាយក្នុងការព្យាបាល និងការរស់នៅអំឡុងពេលសម្រាកព្យាបាល ត្រូវបានទំនុកបម្រុងទាំងស្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៕