ជំងឺរលាកស្បែក atopic គឺជាស្ថានភាពមួយដែលបង្កឱ្យមានការរលាក រមាស់ និងកន្ទួលលើស្បែក។ រោគសញ្ញាអាចមានច្រើនប្រភេទ និងទីតាំងខុសគ្នាអាស្រ័យលើអាយុរបស់អ្នកជំងឺ។
ប្រភេទកន្ទួល
- កន្ទួលស្រួចស្រាវ (Acute)៖ ជាកន្ទួលក្រហម ហើម និងរមាស់ខ្លាំង។ អាចមានពងបែក និងហៀរទឹកថ្លា ឬខ្ទុះចេញមក។
- កន្ទួល Subacute៖ ជាកន្ទួលក្រហម រមាស់ និងរលាក។ វាអាចមានពងបែកខ្លះ ប៉ុន្តែមិនហៀរទឹកចេញទេ។
- កន្ទួលរ៉ាំរ៉ៃ (Chronic)៖ មិនសូវមានពណ៌ក្រហមខ្លាំងទេ ប៉ុន្តែស្បែកអាចឡើងក្រាស់ រមាស់ និងមានស្នាមជាំ។
ទីតាំងនៃកន្ទួល
- ចំពោះទារក: កន្ទួលច្រើនតែកើតលើ ផ្ទៃមុខ ក និងផ្នែកខាងក្រៅនៃដៃ និងជើង ដោយសារតំបន់ទាំងនេះងាយប៉ះនឹងពូក ឬខ្នើយ។
- ចំពោះកុមារ និងមនុស្សពេញវ័យ: កន្ទួលច្រើនតែកើតនៅតាម ផ្នត់នៃដៃ ជើង និង ក។ ក្នុងករណីធ្ងន់ធ្ងរ កន្ទួលអាចរាលដាលពាសពេញរាងកាយ។
រោគសញ្ញាផ្សេងទៀត
ក្រៅពីរោគសញ្ញាខាងលើ អ្នកជំងឺខ្លះក៏អាចមានប្រតិកម្មអាលែហ្ស៊ីនៅ ច្រមុះ ភ្នែក ឬជំងឺហឺត ផងដែរ។ ស្ថានភាពស្បែកផ្សេងទៀតក៏អាចកើតមានដូចជា៖
- រង្វង់ខ្មៅ និងស្នាមជ្រួញនៅក្រោមភ្នែក
- ស្បែក និងបបូរមាត់ស្ងួត ប្រេះ
- រោមជ្រីវជ្រួញ និងស្បែកគ្រើមដូចស្បែកមាន់
- ស្បែកស្ងួតប្រេះនៅលើស្មងជើង
ចំណុចសម្គាល់
ប្រសិនបើអ្នក ឬសមាជិកគ្រួសារមានរោគសញ្ញាទាំងនេះ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសដើម្បីទទួលបានការណែនាំ និងការព្យាបាលត្រឹមត្រូវ៕