មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រកាសនាពេលថ្មីៗនេះថា ៖ រយៈពេលពេញមួយខែកក្កដា ក្នុងឆ្នាំ២០២៥ នេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅគន្ធបុប្ផាភ្នំពេញ និងសៀមរាបបានជួយវះកាត់កុមារដែលមានជំងឺចំនួន៣០០១នាក់ ដោយឥតគិតថ្លៃគ្រប់ៗគ្នា និងដោយគ្មានការរើសអើង ។
ក្នុងចំណោមនេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងសៀមរាប បានវះកាត់បេះដូង និងភ្ជិតតប្រហោងបេះដូងតាមសរសៃឈាមលើកុមារចំនួន៨៤នាក់។ នេះបើតាមព័ត៌មានពិតនៃតួលេខ នៃការព្យាបាលរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែកក្កដា ឆ្នាំ២០២៥ ។
ជារួមនៅក្នុងរយៈពេលពេញ១ខែកក្កដា មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅសៀមរាប បានពិនិត្យព្យាបាលលើកុមារដែលឈឺប្រមាណ១០ម៉ឺននាក់ ក្នុងនោះចំនួន ៩២ ១៤៨នាក់ នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ, កុមារមានជំងឺធ្ងន់ៗ ២២ ៩១៧នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងកុមារមានជំងឺគ្រុនឈាម ចំនួន៣ ៩១៨នាក់ ។
មូលនិធិគន្ធបុប្ផាកម្ពុជា អះអាងថា រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ និងដោយគ្មានការរើសអើង សម្រាប់អ្នកមកទទួលសេវាគ្រប់ៗគ្នា ។
គួរឱ្យដឹងថា តាំងពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២, មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់ ៕