ជំងឺមហារីកឆ្អឹង (Osteosarcoma) គឺជាជំងឺមហារីកដ៏កាចសាហាវដែលកើតនៅលើឆ្អឹង។ ជំងឺនេះច្រើនកើតលើក្មេងជំទង់អាយុពី ១៣ ទៅ ១៦ ឆ្នាំ ប៉ុន្តែអាចកើតមានលើមនុស្សពេញវ័យផងដែរ។ ជាធម្មតា ជំងឺនេះកើតលើឆ្អឹងវែងៗដូចជា ឆ្អឹងដើមដៃ ឆ្អឹងភ្លៅ និងឆ្អឹងស្មងជើង។ នេះបើយោងតាមមន្ទីរពេទ្យកាល់ម៉ែត។
អ្នកគួរប្រុងប្រយ័ត្នចំពោះរោគសញ្ញាទាំងនេះ ព្រោះវាអាចជាសញ្ញាដំបូងនៃជំងឺមហារីកឆ្អឹង៖
- ឈឺចាប់នៅកន្លែងដុំមហារីក: ជាការឈឺចាប់ដែលកើតឡើងជាប្រចាំ ហើយអាចកើនឡើងបន្តិចម្តងៗ។
- ហើម ឬឡើងដុំពក: កន្លែងដែលដុំមហារីកកើតឡើងនឹងមានសភាពហើម ឬឡើងដុំពកបន្តិចម្តងៗ។
- ពិបាកធ្វើចលនា: នៅពេលដែលដុំមហារីកលូតលាស់ វាអាចប៉ះពាល់ដល់ការធ្វើចលនានៃឆ្អឹង ឬសន្លាក់។
- ងាយបាក់ឆ្អឹង: ឆ្អឹងអាចបាក់ដោយឯកឯង ឬបាក់នៅពេលមានការប៉ះទង្គិចតិចតួចបំផុត ដោយសារតែដុំមហារីកធ្វើឱ្យឆ្អឹងចុះខ្សោយ។
ចំណុចសម្គាល់
ប្រសិនបើអ្នកមានរោគសញ្ញាណាមួយដូចបានរៀបរាប់ខាងលើ ជាពិសេសចំពោះក្មេងជំទង់ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសជាបន្ទាន់ដើម្បីធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងទទួលបានការព្យាបាលទាន់ពេលវេលា៕