ការផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកបានយ៉ាងសំខាន់។
- កាត់បន្ថយអាហារខ្លាញ់: អាហារដែលមានជាតិខ្លាញ់ច្រើនអាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់ចំពោះស្ត្រី និងមហារីកពោះវៀនធំ ព្រមទាំងមហារីកក្រពេញប្រូស្តាតចំពោះបុរស។
- ជៀសវាងអាហារប្រៃ និងដុត: អាហារប្រភេទនេះអាចបង្កើនហានិភ័យនៃជំងឺមហារីកបំពង់អាហារ ក្រពះ និងពោះវៀនធំ។
- ប្រយ័ត្នចំពោះអាហារមានផ្សិត: អាហារដែលមានផ្សិតមានផ្ទុកសារធាតុ aflatoxin ដែលអាចបង្កឱ្យកើតមហារីកថ្លើម។
- ចម្អិនអាហារឱ្យបានឆ្អិនល្អ: គួរជៀសវាងអាហារឆៅ ឬឆ្អិនមិនសព្វល្អ ព្រោះវាអាចបង្កជាជំងឺប៉ារ៉ាស៊ីត និងបង្កើនហានិភ័យនៃជំងឺមហារីកបំពង់ទឹកប្រមាត់។
- កាត់បន្ថយគ្រឿងស្រវឹង: ភេសជ្ជៈមានជាតិអាល់កុលអាចបង្កើនហានិភ័យនៃជំងឺមហារីកថ្លើម។ ការផឹកស្រាជាមួយការជក់បារីអាចបង្កើនហានិភ័យនៃជំងឺមហារីកមាត់ បំពង់ក និងបំពង់អាហារ។
- ឈប់ជក់បារី និងទំពារថ្នាំជក់: ការជក់បារីអាចបណ្តាលឱ្យកើតមហារីកសួត និងមហារីកបំពង់ក។ ការទំពារថ្នាំជក់ក៏បង្កើនហានិភ័យនៃជំងឺមហារីកមាត់ផងដែរ។
- កាត់បន្ថយការប៉ះពាល់នឹងកម្តៅថ្ងៃ: ពន្លឺព្រះអាទិត្យខ្លាំងអាចបង្កើនហានិភ័យនៃជំងឺមហារីកស្បែក។ គួរចៀសវាងការនៅក្រោមព្រះអាទិត្យយូរពេក។