ការផឹកទឹកមិនគ្រប់គ្រាន់អាចបង្កជាបញ្ហាសុខភាពជាច្រើន។ រាងកាយរបស់អ្នកនឹងបង្ហាញសញ្ញាព្រមានមួយចំនួន ដើម្បីប្រាប់អ្នកថាវាត្រូវការជាតិទឹកបន្ថែម។ ខាងក្រោមនេះជាសញ្ញាទាំង ៨ ដែលអ្នកគួរយកចិត្តទុកដាក់៖
- នោមតិច និងមានពណ៌លឿងចាស់: ទឹកនោមដែលមានសុខភាពល្អគួរតែមានពណ៌លឿងស្រាល។ ប្រសិនបើអ្នកនោមតិច ហើយទឹកនោមមានពណ៌លឿងចាស់ ឬទឹកក្រូច នោះជាសញ្ញាថាអ្នកកំពុងខ្វះជាតិទឹក។
- ទល់លាមក: ការផឹកទឹកតិចធ្វើឱ្យពោះវៀនស្ងួត ហើយពិបាកក្នុងការបន្ទោរបង់ ដែលនាំឱ្យទល់លាមក។
- អស់កម្លាំង និងងងុយគេង: ជាតិទឹកដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតថាមពល។ នៅពេលដែលរាងកាយខ្វះជាតិទឹក អ្នកនឹងមានអារម្មណ៍អស់កម្លាំង ងងុយគេង និងខ្វះកម្លាំងកំហែង។
- ឈឺក្បាល: ការខ្វះជាតិទឹកអាចបណ្តាលឱ្យឈឺក្បាល ឬប្រកាំង ដោយសារតែបរិមាណឈាមក្នុងរាងកាយថយចុះ។
- ស្បែកស្ងួត: ស្បែកត្រូវការជាតិទឹកដើម្បីរក្សាសំណើម។ ប្រសិនបើអ្នកផឹកទឹកតិចពេក ស្បែកនឹងស្ងួត ប្រេះ និងបាត់បង់ភាពភ្លឺថ្លា។
- ឈឺសន្លាក់: ឆ្អឹងខ្ចីនៅតាមសន្លាក់ត្រូវការជាតិទឹកដើម្បីរក្សាភាពយឺត។ ការខ្វះជាតិទឹកអាចធ្វើឱ្យសន្លាក់ឈឺ ឬរលាក។
- ប្រែប្រួលអារម្មណ៍: ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ការខ្វះជាតិទឹកស្រាលក៏អាចប៉ះពាល់ដល់អារម្មណ៍ និងការផ្តោតអារម្មណ៍ផងដែរ។
- ស្រេកទឹកខ្លាំង: អារម្មណ៍ស្រេកទឹកគឺជាសញ្ញាច្បាស់លាស់មួយដែលរាងកាយត្រូវការជាតិទឹកភ្លាមៗ។ ដូច្នេះកុំរង់ចាំឱ្យស្រេកទើបផឹក។
ចំណុចសម្គាល់
ដើម្បីថែរក្សាសុខភាពឱ្យបានល្អ អ្នកគួរតែផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ ជាទូទៅ ការផឹកទឹកប្រហែល ៨ កែវក្នុងមួយថ្ងៃ អាចជួយរក្សារាងកាយឱ្យមានសំណើមបានល្អ៕