នៅពេលមានករណីបាត់បង់អវយវៈណាមួយ ការសង្គ្រោះបឋមត្រឹមត្រូវ និងទាន់ពេលវេលាគឺសំខាន់ណាស់ ដើម្បីជួយសង្គ្រោះជីវិតអ្នករបួស និងបង្កើនលទ្ធភាពនៃការភ្ជាប់អវយវៈដែលដាច់នោះឡើងវិញ។
ខាងក្រោមនេះជាគន្លឹះសំខាន់ៗរួមមាន៖
១. ធានាសុវត្ថិភាពកន្លែងកើតហេតុ
មុននឹងចូលទៅជួយជនរងគ្រោះ ត្រូវប្រាកដថាកន្លែងកើតហេតុមានសុវត្ថិភាពសម្រាប់អ្នក និងជនរងគ្រោះ ដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់បន្ថែម។
២. ហៅទូរស័ព្ទសុំជំនួយសង្គ្រោះបន្ទាន់
ជាដំបូងបង្អស់ ត្រូវទូរស័ព្ទទៅលេខសង្គ្រោះបន្ទាន់ភ្លាមៗ ដើម្បីរាយការណ៍អំពីករណីនេះ និងសុំជំនួយពីក្រុមគ្រូពេទ្យជំនាញ។
៣. គ្រប់គ្រងការហូរឈាម
ការហូរឈាមខ្លាំងគឺជាហានិភ័យធំបំផុតនៅក្នុងករណីបាត់បង់អវៈយវៈ។
- ដាក់សម្ពាធដោយផ្ទាល់: ប្រើក្រណាត់ស្អាត ឬបង់ស្អាតសង្កត់ទៅលើមុខរបួសដោយផ្ទាល់ និងឱ្យជាប់។
- លើកអវយវៈដែលរបួស: ប្រសិនបើអាច លើកអវៈយវៈដែលហូរឈាមឱ្យខ្ពស់ជាងបេះដូងដើម្បីកាត់បន្ថយលំហូរឈាម។
- ប្រើឧបករណ៍ឃាត់ឈាម: ប្រសិនបើការហូរឈាមនៅតែខ្លាំង ហើយមិនអាចគ្រប់គ្រងបានដោយការដាក់សម្ពាធដោយផ្ទាល់ អាចប្រើឧបករណ៍ឃាត់ឈាមនៅពីលើមុខរបួសប្រហែល ៥-១០ សង់ទីម៉ែត្រ។ ត្រូវកត់សម្គាល់ម៉ោងដែលបានរឹតព្រោះវាអាចបង្កផលវិបាកប្រសិនបើរឹតយូរពេក។ ប្រើវាតែក្នុងករណីចាំបាច់បំផុត។
៤. ថែរក្សាអវយវៈដែលដាច់
ការថែរក្សាអវយវៈដែលដាច់ឱ្យបានត្រឹមត្រូវគឺសំខាន់ណាស់ ដើម្បីបង្កើនលទ្ធភាពនៃការភ្ជាប់ឡើងវិញដោយគ្រូពេទ្យ។
- លាងសម្អាត: បើកអាច លាងសម្អាតអវៈយវៈដែលដាច់ថ្នមៗជាមួយទឹកស្អាត។ កុំជូត ឬដុសវា។
- រុំ: រុំអវយវៈដែលដាច់នោះដោយក្រណាត់ស្អាត សើមបន្តិច។
- ដាក់ក្នុងថង់ប្លាស្ទិក: ដាក់អវៈយវៈដែលរុំរួចចូលទៅក្នុងថង់ប្លាស្ទិកស្អាត (ដែលអាចបិទជិតបាន)។
- ដាក់ក្នុងធុងទឹកកក: ដាក់ថង់ប្លាស្ទិកដែលមានអវៈយវៈនោះចូលទៅក្នុងធុង ឬថង់ធំមួយទៀតដែលមានទឹកកកលាយជាមួយទឹកបន្តិច (កុំដាក់ទឹកកកផ្ទាល់ទៅលើអវៈយវៈ)។ នេះជួយរក្សាសីតុណ្ហភាពត្រជាក់ ហើយការពារការខូចខាតជាលិកា។
- ដឹកជញ្ជូន: យកអវៈយវៈដែលបានថែរក្សានេះទៅជាមួយជនរងគ្រោះទៅមន្ទីរពេទ្យ។
៥. រក្សាជនរងគ្រោះឱ្យស្ងប់អារម្មណ៍
និយាយលួងលោម និងធានាដល់ជនរងគ្រោះថាជំនួយកំពុងមកដល់។ ជួយឱ្យពួកគេរក្សាភាពកក់ក្តៅ និងស្ងប់អារម្មណ៍។
៦. កុំឱ្យជនរងគ្រោះទទួលទានអ្វីទាំងអស់
កុំឱ្យជនរងគ្រោះទទួលទានអាហារ ឬភេសជ្ជៈអ្វីទាំងអស់ ព្រោះពួកគេអាចនឹងត្រូវការវះកាត់បន្ទាន់។
៧. រង់ចាំជំនួយជំនាញ
បន្តអនុវត្តការសង្គ្រោះបឋម រហូតដល់ក្រុមសង្គ្រោះបន្ទាន់មកដល់ ហើយប្រគល់ការងារបន្តទៅឱ្យពួកគេ។
ចំណុចសម្គាល់
ការអនុវត្តគោលការណ៍ទាំងនេះបានត្រឹមត្រូវ អាចជួយសង្គ្រោះជីវិតអ្នករបួស និងផ្តល់ក្តីសង្ឃឹមក្នុងការភ្ជាប់អវៈយវៈដែលដាច់នោះឡើងវិញ៕