ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៥ នេះ មានកុមារជិត ៤ ពាន់នាក់បានកើតជំងឺគ្រុនឈាម។ តួលេខនេះជាការដាស់តឿនមួយដល់សាធារណជនឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺដ៏កាចសាហាវនេះ។ នេះយោងតាមមន្ទីរពេទ្យគន្ធបុប្ផា។
បើតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា ចុះផ្សាយថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថាក្នុងឆមាសទី១ ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាបានបន្តផ្តល់សេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនទារក កុមារ និងស្ត្រីមានផ្ទៃពោះ លើករណីសំខាន់ៗដូចខាងក្រោម៖
- ការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ: មានចំនួនសរុប ៥០៣.២៣៣ ករណី។
- ទារក និងកុមារមានជំងឺធ្ងន់ធ្ងរដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ: មានចំនួន ៩៦.២៣៧ នាក់។
- កុមារជំងឺគ្រុនឈាម: មានចំនួនរហូតដល់ ៣.៩៦៤ នាក់។
- កុមារដែលត្រូវព្យាបាល និងវះកាត់ទូទៅ: មានចំនួន ១៦.១១៨ នាក់។
- កុមារមានជំងឺបេះដូងពីកំណើតដែលត្រូវវះកាត់: មានចំនួន ៥៥០ នាក់។
- ស្ត្រីមានផ្ទៃពោះមកទទួលសេវាពិនិត្យ និងតាមដានផ្ទៃពោះនៅមន្ទីរពេទ្យជ័យវរ័ន្មទី ៧ (គន្ធបុប្ផាសៀមរាប): មានចំនួន ៥១.៧៩៧ ករណី។
- សម្រាលកូន: មានចំនួន ៩.៤៧១ នាក់។
ទន្ទឹមនឹងនេះ មន្ទីរពេទ្យគន្ធបុប្ផា ក៏បានរៀបចំវគ្គបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពរបស់ក្រុមគ្រូពេទ្យជំនាញ។
ជាមួយនឹងលទ្ធផលការងារដ៏មមាញឹកខាងលើ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាសរុបប្រមាណ ២២ លានដុល្លារអាម៉េរិក ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការក្នុងការផ្តល់សេវាមនុស្សធម៌ទាំងនេះ។
សូមរំឭកជូនថា តួលេខអ្នកកើតជំងឺគ្រុនឈាមដ៏ខ្ពស់នេះ បង្ហាញពីសារៈសំខាន់នៃការចូលរួមពីគ្រប់ភាគី ក្នុងការសម្អាតបរិស្ថាន និងកម្ចាត់ជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺ ដើម្បីការពារសុខភាពកូនៗរបស់យើង៕