សម្រាប់អ្នកជំងឺទឹកនោមផ្អែម ការគ្រប់គ្រងរបបអាហារ គឺជាកត្តាសំខាន់បំផុតក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងការពារផលវិបាកផ្សេងៗ ។ គោលដៅសំខាន់គឺកាត់បន្ថយអាហារណាដែលធ្វើឲ្យជាតិស្ករឡើងខ្ពស់ឆាប់រហ័ស និងបង្កើនការរលាកក្នុងរាងកាយ។
ខាងក្រោមនេះ ជាប្រភេទអាហារដែលអ្នកជំងឺទឹកនោមផ្អែមគួរតែចៀសវាង ឬកាត់បន្ថយការទទួលទាន៖
១. អាហារ និងភេសជ្ជៈមានជាតិស្ករខ្ពស់
ភេសជ្ជៈផ្អែមៗ ៖ ដូចជាទឹកក្រូច កូកាកូឡា ទឹកសូដា ភេសជ្ជៈប៉ូវកម្លាំង និងទឹកផ្លែឈើកំប៉ុង ។ ជាតិស្កររាវត្រូវបានស្រូបចូលក្នុងឈាមយ៉ាងលឿន បង្កើនកម្រិតជាតិស្ករភ្លាមៗ ។
បង្អែម និងនំខេក ៖ ដូចជា នំខេក ស្ករគ្រាប់ ការ៉េម នំដូណាត់ ជាដើម ។ ទាំងនេះសម្បូរទៅដោយជាតិស្ករចម្រាញ់ និងខ្លាញ់មិនល្អ ។
ទឹកឃ្មុំ ស៊ឺរ៉ូ និងស្ករស ៖ ទោះជាវាជាប្រភពធម្មជាតិក៏ដោយ ក៏សុទ្ធតែមានជាតិស្ករខ្ពស់ដែលធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងលឿន។
២. កាបូអ៊ីដ្រាតចម្រាញ់ (Refined Carbohydrates)
នំប៉័ងស អង្ករស និងប៉ាស្តាស: អាហារទាំងនេះ ត្រូវបានកែច្នៃយកជាតិសរសៃចេញអស់ ដែលធ្វើឲ្យវាងាយបំបែកទៅជាជាតិស្ករក្នុងខ្លួន និងបង្កើនជាតិស្ករក្នុងឈាមយ៉ាងឆាប់រហ័ស ។ គួរងាកមកទទួលទានអង្ករសម្រូប នំប៉័ងគ្រាប់ធញ្ញជាតិទាំងមូលវិញ ។
អាហារធ្វើពីម្សៅសផ្សេងៗ: ដូចជានំបញ្ចុក គុយទាវ ខូឃី និងអាហារសម្រន់ដែលមានម្សៅសច្រើន។
៣. អាហារចៀន និងខ្លាញ់មិនល្អ (Trans Fats & Saturated Fats)
អាហារ Fast Food ៖ ដូចជា ហាំប៊ឺហ្គឺរ បំពងដំឡូងបារាំង សាច់មាន់បំពង ជាដើម។
អាហារកែច្នៃ និងខ្ចប់៖ ជាញឹកញាប់មានផ្ទុកជាតិខ្លាញ់ Trans fats ដែលបង្កើនកូលេស្តេរ៉ុលអាក្រក់ (LDL) និងកាត់បន្ថយកូលេស្តេរ៉ុលល្អ (HDL) ដែលប៉ះពាល់ដល់សុខភាពបេះដូង និងបង្កើនភាពធន់ទ្រាំអាំងស៊ុយលីន។
សាច់ដែលមានខ្លាញ់ច្រើន ៖ ដូចជា សាច់គោមានខ្លាញ់ច្រើន ខ្លាញ់ជ្រូក ស្បែកមាន់។
៤. ផលិតផលទឹកដោះគោមានជាតិខ្លាញ់ខ្ពស់
ទឹកដោះគោជូរមានជាតិស្ករ និងខ្លាញ់ខ្ពស់ ឈីសមានជាតិខ្លាញ់ខ្ពស់ និងប៊ឺរ: គួរជ្រើសរើសប្រភេទមានជាតិខ្លាញ់ទាប ឬគ្មានខ្លាញ់ និងគ្មានជាតិស្ករបន្ថែម។
៥. គ្រឿងស្រវឹង
ស្រាបៀរ ស្រា និងភេសជ្ជៈមានជាតិអាល់កុលផ្សេងៗ៖ ជាតិអាល់កុលអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ឬទាបខុសប្រក្រតី ជាពិសេសប្រសិនបើទទួលទានជាមួយអាហារមានកាបូអ៊ីដ្រាតច្រើន ឬពេលពោះទទេ។ វាក៏អាចប៉ះពាល់ដល់ថ្លើម ដែលមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងជាតិស្ករ។
៦. ផ្លែឈើមួយចំនួន
ទោះបីជាផ្លែឈើល្អសម្រាប់សុខភាពក៏ដោយ ផ្លែឈើមួយចំនួនមានជាតិស្ករខ្ពស់ខ្លាំង ដូចជា ស្វាយទុំ ទុរេន ល្ហុងទុំ ចេកទុំ និងមៀន ។ អ្នកជំងឺទឹកនោមផ្អែម គួរកាត់បន្ថយបរិមាណ ឬញ៉ាំក្នុងកម្រិតមធ្យមបំផុត ។ គួរជ្រើសរើសផ្លែឈើដែលមានជាតិស្ករទាបជាង ដូចជា ផ្លែប៊ឺរី ក្រូចថ្លុង ក្រូចពោធិ៍សាត់ ត្របែក ឬផ្លែប៉ោមវិញ។
ការគ្រប់គ្រងរបបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែម មិនមែនមានន័យថា ត្រូវដកចេញអាហារទាំងអស់នោះទេ គឺសំខាន់លើការរៀនជ្រើសរើសប្រភេទអាហារត្រឹមត្រូវ គ្រប់គ្រងបរិមាណ និងទទួលទានក្នុងកម្រិតមធ្យម ។ ការពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញអាហារូបត្ថម្ភ គឺជារឿងចាំបាច់ដើម្បីទទួលបានផែនការអាហារូបត្ថម្ភដែលសមស្របទៅនឹងស្ថានភាពសុខភាពបុគ្គលម្នាក់ៗ ៕