ដើមកំបោរវល្លិ៍ដែលដុះនៅជុំវិញផ្ទះ និងរបងយើង ត្រូវបានគេស្គាល់ថាជាឱសថបុរាណដ៏មានប្រសិទ្ធភាពសម្រាប់ព្យាបាលជំងឺជាច្រើនផងដែរ។ នេះបើយោងតាមសៀវភៅ “រុក្ខជាតិឱសថកម្ពុជា” របស់ក្រសួងសុខាភិបាលឆ្នាំ២០០៨។
លក្ខណៈរុក្ខជាតិ និងទីកន្លែងដាំដុះ
កំបោរវល្លិ៍ ជាប្រភេទវល្លិ៍ដែលមានប្រវែងពី ២-៤ ម៉ែត្រ ដើមមានរាងមូលរលោង មានម្សៅពណ៌ស និងមានមើមនៅក្រោមដី។ ស្លឹករបស់វាមានលក្ខណៈឆែបដូចជើងទា ហើយគែមស្លឹកមានធ្មេញរណារ។ ផ្កាមានពណ៌លឿងខ្ចី ដុះទល់ទងជាមួយស្លឹក ខណៈផ្លែមានរាងមូលទំហំ ៥-៦ ម.ម. ហើយពេលទុំមានពណ៌ខ្មៅ។ រុក្ខជាតិនេះច្រើនដុះខ្លួនឯងតាមដំបូក ដីសើម និងតាមរបងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់។
ផ្នែកប្រើប្រាស់ និងការប្រមូលផល
ផ្នែកសំខាន់ៗដែលត្រូវបានប្រើប្រាស់ជាឱសថគឺ មើម និង វល្លិ៍។ ការប្រមូលផលអាចធ្វើទៅបានគ្រប់រដូវ ប៉ុន្តែល្អបំផុតគឺនៅរដូវប្រាំង។
- មើម: ជាទូទៅ មើមមានទំហំប៉ុនពងមាន់ ២ ទៅ ៣ ជាប់គ្នា ខាងក្រៅមានពណ៌ខ្មៅ ហើយខាងក្នុងមានពណ៌ស។ មុនពេលប្រើប្រាស់ មើមត្រូវយកមកលាងឱ្យស្អាត ត្រាំទឹកមួយយប់ឱ្យទន់ រួចហាន់ស្តើងៗ ហាលឱ្យស្ងួត។ ពេលប្រើប្រាស់ជាក់ស្តែង ត្រូវយកមើមស្ងួតនោះមកត្រាំជាមួយទឹកអង្ករសិន។
- វល្លិ៍: វល្លិ៍ត្រូវកាត់ឱ្យខ្លីៗ រួចយកទៅត្រាំស្រា ហើយលីង ឬកិនជាម្សៅសម្រាប់ប្រើប្រាស់។
សមាសធាតុគីមី និងប្រសិទ្ធភាពព្យាបាល
- មែកខ្ចី: មានផ្ទុកទឹក ៩១.៣%, ប្រូតេអ៊ីន ១.៤%, កាបូអ៊ីដ្រាត ៥.៤%, ការ៉ុត ១.៥% និងវីតាមីន C ៤២.៥%។
- មើម: មានជាតិប្រហាត និងត្រជាក់។
ក្រៅពីប្រជាជននិយមយកស្លឹក និងដើម ដើមកំបោរវល្លិ៍ក៏មានប្រសិទ្ធភាពព្យាបាលជំងឺជាច្រើនទៀតដូចជា៖
- ឈឺឆ្អឹង និង ឈឺសន្លាក់ដៃជើង
- ឈឺក្បាល
- ដំបូក (បូស) និង ពស់ចឹក
- បញ្ចុះទឹកនោម
- ស្វាយប្រទេះ
- ជួយ ធ្វើឱ្យបាយឆ្ងាញ់
- ឫសដូងបាត
- ស្បូនលូន
របៀប និងកម្រិតប្រើប្រាស់
សម្រាប់ការប្រើប្រាស់ជាឱសថ អ្នកអាចប្រើមើមក្នុងកម្រិត ១០-៣០ ក្រាមក្នុងមួយថ្ងៃ ដោយយកមកដាំទឹកផឹក។
ចំណុចសម្គាល់
ប្រសិនបើអ្នកចាប់អារម្មណ៍ចង់សាកល្បងឱសថបុរាណនេះ ឬមានចម្ងល់បន្ថែម សូមពិគ្រោះជាមួយអ្នកជំនាញឱសថបុរាណ ឬគ្រូពេទ្យជំនាញ ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាព៕