មន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាពេលថ្មីៗនេះថា ដំណេកដ៏ស្កប់ស្កល់មួយ គឺមានសារៈប្រយោជន៍ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ដូចជា ជួយពង្រឹងការចងចាំជួយសម្រួលអារម្មណ៍ បង្កើតគំនិតច្នៃប្រឌិតជួយអោយកោសិកាជួសជុលខ្លួនឡើងវិញ ជំរុញប្រព័ន្ធការពារខ្លួន សម្រួលប្រព័ន្ធមេតាបូលិក និងអាចកាត់បន្ថយជំងឺវង្វេងចាស់ ( Alzheimer’s disease) ។
ប្រសិទ្ធភាពដំណេក គឺទាក់ទងយ៉ាងជិតស្និទ្ធជាមួយសកម្មភាពរបស់កោសិកាខួរក្បាល ដែលយើងអាចមើលឃើញតាមការវាស់រលកចរន្តអគ្គិសនីកោសិកា ។
អគ្គបញ្ជាការដ្ធាននៃដំណេក គឺនៅក្នុងអ៊ីប៉ូតាលាម៉ុស (Hypothalamus) ។ ចលនការនៃដំណេក គឺស្មុគស្មាញ និងមានការចូលរួមពីតំបន់ផ្សេងៗទៀតរបស់ខួរក្បាល និងពពួកណឺរ៉ូត្រង់ម៉ែ្សទ័រ និងអរម៉ូនមួយចំនួន ។
ដំណេកត្រូវបានកំណត់ដោយកត្តាធំៗពីរ គឺវដ្តទិនទិវា (circadian rhythm)ដែលចាត់ជានាឡិកានៃដំណេក និងលំនឹងដំណេកនិងពេលភ្ញាក់ (sleep-wake homeostasis )។
ប្រព័ន្ធទាំងនេះ គឺទាក់ទងនឹងពន្លឺថ្ងៃដែលចូលតាមស្រទាប់រ៉េទីនរបស់ភ្នែក ដើម្បីបញ្ឈប់ ឬជំរុញការបញ្ចេញជាតិមេឡាតូនីន ការប្រែប្រួលសីតុណ្ហភាពរាងកាយ និងកំរិតអរម៉ូន គ័រទីសុលក្នុងឈាម ។
ការប៉ះពាល់ចំណុចណាមួយនៅក្នុងប្រព័ន្ធនេះ គឺអាចរំខានដំណេកដ៏ស្កប់ស្កល់របស់យើងបាន ។ តាមការសិក្សាមួយចំនួន គឺបានបង្ហាញថាមានមនុស្សពេញវ័យប្រហែល 20 ទៅ 28 % ដែលមានបញ្ហាពិបាកសម្រាន្តនៅពេលណាមួយ ។
សូមកុំរំពឹងលើថ្នាំសម្រាន្តដែលការប្រើប្រាស់យូរអាចរំខានដល់លំនឹងប្រព័ន្ធធម្មជាតិរបស់យើង ឬអាចទៅជាញៀន ៕