ផ្លែមន ដែលមានរូបរាងស្រដៀងផ្លែប្លូបឺរី តែមានរសជាតិស្រដៀងផ្លែទំពាំងបាយជូ គឺជាផ្លែឈើមួយប្រភេទដែលពោរពេញទៅដោយសារធាតុចិញ្ចឹមដ៏ល្អប្រសើរ។ វាផ្ទុកនូវជាតិទឹកខ្ពស់ កាឡូរីទាប ព្រមទាំងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃ វីតាមីន ជាតិរ៉ែ និងប្រូតេអ៊ីន។
ជួយសម្រួលចរន្តឈាម៖
* ហេតុផល៖ ផ្លែមនមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយពង្រីកសរសៃឈាម និងពង្រឹងសុខភាពសរសៃឈាម ធ្វើឱ្យចរន្តឈាមរត់បានល្អ ហូរទៅកាន់បេះដូង និងផ្នែកផ្សេងទៀតនៃរាងកាយដោយគ្មានការរាំងស្ទះ។ ម៉្យាងទៀត វាផ្ទុក ប៉ូតាស្យូម ដែលជួយបន្ថយសម្ពាធឈាម និង ជាតិដែក ដែលជួយបង្កើនការផលិតកោសិកាឈាមក្រហម។
ជំនួយបេះដូង៖
* ហេតុផល៖ ផ្លែមនជួយពង្រឹងប្រព័ន្ធសរសៃប្រសាទ និងកាត់បន្ថយកូលេស្តេរ៉ូលអាក្រក់ ដែលអាចការពារបញ្ហាសរសៃឈាមបេះដូង កាត់បន្ថយហានិភ័យនៃការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ វាមានជាតិសរសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុ Flavonoid និង Polyphenols ដែលជួយសម្រួលដល់សុខភាពបេះដូង។
ប្រឆាំងភាពចាស់:
* ហេតុផល: ផ្លែមនសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ដែលជួយប្រឆាំងភាពចាស់ និងជួយឱ្យស្បែកភ្លឺថ្លាក្មេងជាងវ័យ។
កាត់បន្ថយហានិភ័យនៃការកើតមហារីក:
* ហេតុផល: ផ្លែមនមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Resveratrol និង Anthocyanins (សារធាតុពណ៌របស់ផ្លែមន) ដែលអាចជួយការពារការកើតមហារីក ដូចជាមហារីកពោះវៀនធំ មហារីកស្បែក មហារីកក្រពេញប្រូស្តាត និងមហារីកក្រពេញទីរ៉ូអ៊ីត។
ជួយឱ្យឆ្អឹងរឹងមាំ៖
* ហេតុផល: ផ្លែមនមានផ្ទុកកាល់ស្យូម វីតាមីន K និងជាតិដែក ដែលជាសារធាតុចិញ្ចឹមជួយបង្កើតជាលិកាឆ្អឹង និងធ្វើឱ្យឆ្អឹងរឹងមាំ។ សារធាតុចិញ្ចឹមទាំងនេះអាចការពារជំងឺពុកឆ្អឹង និងជំងឺរលាកសន្លាក់។
ជំនួយថ្លើម៖
* ហេតុផល: ផ្លែមនផ្ទុកសារធាតុចិញ្ចឹមច្រើន និងអាចជួយបន្សុទ្ធឈាមក្នុងថ្លើម ព្រមទាំងមានជាតិដែកដែលមានប្រយោជន៍ក្នុងការថែរក្សាសុខភាពថ្លើម។
ផ្លែមនជាផ្លែឈើដ៏ល្អសម្រាប់មនុស្សគ្រប់វ័យដែលចង់ថែរក្សាសុខភាព។ ជាពិសេស អ្នកដែលមានបញ្ហាប្រព័ន្ធរំលាយអាហារ ជំងឺទឹកនោមផ្អែម ប្រព័ន្ធភាពស៊ាំចុះខ្សោយ បញ្ហាបេះដូង សម្ពាធឈាមខ្ពស់ ឬចង់ការពារខ្លួនពីជំងឺមហារីក និងពង្រឹងសុខភាពឆ្អឹង ភ្នែក និងសក់។
ចំណុចសម្គាល់៖
ទោះបីជាផ្លែមនមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពក៏ដោយ យើងក៏ត្រូវកម្រិតការទទួលទានវាផងដែរ។ តាមការសិក្សារបស់សមាគមជំងឺទឹកនោមផ្អែមអាម៉េរិក បានឱ្យដឹងថា ការទទួលទានផ្លែមនច្រើនពេកអាចបណ្ដាលឱ្យកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះខ្លាំង ដែលអាចបង្កជាគ្រោះថ្នាក់។ ដូច្នេះ គួរតែពិគ្រោះជាមួយអ្នកជំនាញសុខភាព ប្រសិនបើអ្នកមានលក្ខខណ្ឌសុខភាពជាក់លាក់ណាមួយ មុននឹងទទួលទានក្នុងបរិមាណច្រើន៕