ដើម្បីធានានូវគុណភាពនៃការធ្វើតេស្តបណ្តុះមេរោគ នៅក្នុងផ្នែកបាក់តេរីសាស្រ្ត មន្ទីរពិសោធ បាននិងកំពុងបង្កើនសមត្ថភាពផ្ទាល់ខ្លួនក្នុងការផលិតថ្នាលបណ្តុះដែលមានគុណភាព។ កាលពីពេលថ្មីៗនេះ មន្ទីរពេទ្យកាល់ម៉ែត បានដាក់ឧបករណ៍ថ្មីចំនួន ៣ ប្រភេទចូលប្រើប្រាស់ ដើម្បីជួយបង្កើនប្រសិទ្ធភាពនិងសុវត្ថិភាពក្នុងការចាក់ថ្នាលបណ្តុះមេរោគ។
ឧបករណ៍ ៣ ប្រភេទថ្មី ដែលត្រូវបានបំពាក់រួមមាន៖ ១- Vertical Laminar Air Flow Cabinet – ជាឧបករណ៍បង្កើតបរិយាកាសស្អាត sterile ដើម្បីធានាថាថ្នាលបណ្តុះដែលបានចាក់គឺគ្មានការបំពុល។ ២- FlexiPump – ជាឧបករណ៍ជំនួយក្នុងការចាក់ថ្នាលបណ្តុះជាប្រភេទ liquid ដោយមានការកំណត់មាឌបានត្រឹមត្រូវ និងស្មើគ្នា។ និង ៣- Water Bath – ជាឧបករណ៍រក្សាសីតុណ្ហភាពថ្នាលបណ្តុះឲ្យបានថេរ ដើម្បីធានាថានៅក្នុងលក្ខខណ្ឌល្អបំផុតសម្រាប់ការផលិត។
ការផលិតថ្នាលបណ្តុះដោយខ្លួនឯងមានសារៈសំខាន់ក្នុងការធានាថាអាចមានការផ្គត់ផ្គង់និងការធ្វើតេស្តប្រចាំជូនអ្នកជំងឺបានយ៉ាងជាប់លាប់ ដោយគ្មានការពឹងផ្អែកពីក្រៅ។
ថ្នាលបណ្តុះដែលបានផលិត នឹងត្រូវធ្វើការត្រួតពិនិត្យគុណភាពជាចុងក្រោយ (In-house Quality Control) មុននឹងយកទៅប្រើប្រាស់សាកល្បងមេរោគលើសំណាកពីអ្នកជំងឺ៕