គ្រោះថ្នាក់លាក់មុខ ដែលបង្ករពីជំងឺរលាកថ្លើមដោយមេរោគប្រភេទ”សេ”!
ជំងឺរលាកថ្លើមដោយមេរោគប្រភេទសេ (Hépatite C) គឺជាជំងឺមួយ ដែលយើងទាំងអស់គ្នា តែងតែបានដឹង និងបានជួបប្រទះជាញឹកញាប់ ហើយនៅពេលខ្លះជំងឺមួយនេះ ក៏អាចបណ្តាលឲ្យមានផលបះពាល់ជាច្រើន ដល់សុខភាព និងអាយុជីវិតផងដែរ ។ នេះបើយោងតាមមន្ទីរពេទ្យកាល់ម៉ែតបានផ្សាយនាថ្ងៃទី១៩ ខែកក្កដានេះ ។
រោគសញ្ញ្ញាដែលកើតអាចមាន នៅលើអ្នកជម្ងឺ គឺអាស្រ័យទៅលើកម្រិតនៃការរលាក និងសភាពរបស់សាច់ថ្លើមរបស់អ្នកជំងឺផងដែរ (សាច់ថ្លើមនៅទន់ធម្មតាគ្រាន់តែមានការរលាក, សាច់ថ្លើមរឹង និងថ្លើមក្រិន) ។
នៅខាងក្រោមនេះ គឺជាសញ្ញាមួយចំនួន ដើម្បីអាចអោយយើងបានគិតទៅដល់ជំងឺរលាកថ្លើម : មានការហេវហត់ ចុះខ្សោយកម្លាំង និងសុខភាពដោយមិនមានមូលហេតុច្បាស់លាស់, ឡើងលឿងភ្នែក និងស្បែក, មានរោគសញ្ញាស្រដៀងនឹងជម្ងឺផ្ដាសាយធំ, មានការហើមជើងជាដើម…។
គួរកត់សម្គាល់ផងដែរថា ជាង៨០% នៃអ្នកជំងឺរលាកថ្លើម គឺមិនមានរោគសញ្ញាអ្វីច្បាស់លាស់នោះឡើយ ដូច្នេះមានតែការពិនិត្យឈាម ដើម្បីរកវត្តមានរបស់អង្គបដិប្រាណវីរុសសេ Anticorp HCV និងរាប់មេរោគ (PCR HCV) ទេ ដែលអាចកំណត់រោគវិនិច្ឆ័យនៃជម្ងឺប្រភេទនេះបាន ។
ការចម្លងរបស់មេរោគថ្លើមប្រភេទ សេ នេះ គឺវាអាចឆ្លងបានតាមរយៈការប៉ះពាល់ជាមួយនឹងឈាម, ទឹករងៃ, ការមុតដាច់ស្បែក, ការរួមភេទ ដោយមិនមានប្រើប្រាស់ស្រោមអនាម័យ, ការប្រើប្រាស់វត្ថុមុតស្រួច ចាក់ឆ្លងកាត់ស្បែក…។
វិធានការក្នុងការបង្ការជំងឺនេះ គឺជៀសវាងរាល់ការបះពាល់ឈាម និងទឹករងៃរបស់អ្នកជំងឺ, រួមភេទដោយប្រើប្រាស់ស្រោមអនាម័យអោយបានត្រឹមត្រូវ, ជៀសវាងការប្រើវត្ថុមុតស្រួចរួមគ្នា ។
គួរសំគាល់ផងដែរថា យើងមិនមានវ៉ាក់ស៊ាំងសម្រាប់ចាក់ការពារមេរោគប្រភេទនេះនៅឡើយទេ ។
ការពិនិត្យសុខភាព និងការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា នៅដំណាក់កាលដំបូងជាមួយគ្រូពេទ្យជំនាញ (ថ្លើមមិនទាន់ក្រិន ឬ មិនមានដុំមហារីក) របស់ជម្ងឺរលាកថ្លើមប្រភេទ សេ នេះគឺអាចអនុញ្ញតឲ្យគ្រូពេទ្យធ្វើការព្យាបាលបានជាសះស្បើយទាន់ពេលវេលា និងដើម្បីជៀសវាងរាល់ផលវិបាករបស់ជំងឺនេះផងដែរ (ការរលាករាំរៃ, ក្រិនថ្លើម, ដុំមហារីកថ្លើម, ទាចទឹកជាដើម…) ៕