ក្រៅពីធ្វើឱ្យម្ហូបមានរសជាតិឆ្ងាញ់ ខ្ទឹមសក៏មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពដែរ។
ការទទួលទានខ្ទឹមសជាប្រចាំ អាចជួយបន្ថយសម្ពាធឈាមចំពោះអ្នកដែលមានជំងឺលើសឈាម។ សារធាតុនៅក្នុងខ្ទឹមសជួយឱ្យសរសៃឈាមរីកធំ និងធ្វើឱ្យឈាមរត់បានស្រួល។
ជាមួយគ្នានេះ ខ្ទឹមសក៏ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ ខ្លាញ់ទ្រីគ្លីសេរីដក្នុងឈាម ដែលជាកត្តាប្រឈមនឹងជំងឺបេះដូង។ វាក៏ជួយការពារការកកឈាមផងដែរ។
ដោយឡែក ខ្ទឹមសមានសារធាតុប្រឆាំងបាក់តេរី ប្រឆាំងវីរុស ប្រឆាំងផ្សិត និងប្រឆាំងការរលាក ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយឱ្យប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ ក្អក និងការឆ្លងមេរោគផ្សេងៗ។ ហើយវាជួយបញ្ចេញជាតិពុលមួយចំនួនពីរាងកាយ ដូចជាជាតិសំណ និងជាតិពុលផ្សេងទៀត។
យោងតាមការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ខ្ទឹមសអាចជួយបន្ថយកម្រិតជាតិស្ករក្នុងឈាម ដែលល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ វាក៏អាចមានតួនាទីក្នុងការការពារ ឬកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួន ដូចជាមហារីកក្រពះ ពោះវៀនធំ និងមហារីកសុដន់។
ចំណុចសម្គាល់៖ អ្នកដែលមានប្រតិកម្មជាមួយខ្ទឹមស ដូចជាឡើងកម្ដៅ ឬឈឺក្បាល គួរតែបញ្ឈប់ការប្រើប្រាស់។ ដូចគ្នានេះដែរ អ្នកដែលកំពុងប្រើប្រាស់ថ្នាំពេទ្យមួយចំនួន គួរពិគ្រោះជាមួយគ្រូពេទ្យមុននឹងទទួលទានខ្ទឹមសក្នុងបរិមាណច្រើន៕