ទឹកដូងមិនត្រឹមតែមានរសជាតិឆ្ងាញ់ ស្រស់ស្រាយ និងជួយបំបាត់ការស្រេកទឹកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្បូរទៅដោយសារធាតុចិញ្ចឹម និងផ្ដល់អត្ថប្រយោជន៍សុខភាពជាច្រើនផងដែរ។ ទឹកដូងត្រូវបានគេចាត់ទុកថាជាភេសជ្ជៈធម្មជាតិដ៏ប្រណីត។
ទឹកដូងសម្បូរប៉ូតាស្យូមដែលជួយកាត់បន្ថយសម្ពាធឈាម និងរក្សាលំនឹងសម្ពាធឈាមឱ្យនៅធម្មតា។ ការសិក្សាមួយចំនួនបានបង្ហាញថា ការទទួលទានទឹកដូងជាប្រចាំអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់និងបង្កើនកូឡេស្តេរ៉ុលល្អដែលជួយដល់សុខភាពបេះដូងទាំងមូល។
ម៉្យាងវិញទៀត ទោះបីជាទឹកដូងមានផ្ទុកជាតិស្ករធម្មជាតិក៏ដោយ ប៉ុន្ដែវាមិនបង្កើនជាតិស្ករក្នុងឈាមយ៉ាងលឿននោះទេ។ សារធាតុម៉ាញ៉េស្យូមនៅក្នុងទឹកដូងក៏អាចជួយបង្កើនភាពប្រែប្រួលរបស់អាំងស៊ុយលីនចំពោះអ្នកជំងឺទឹកនោមផ្អែមផងដែរ។
ដោយឡែក ការទទួលទានទឹកដូងអាចជួយបង្កើនការនោម និងជួយរំលាយក្រួសមួយចំនួនតូច។ ជាតិប៉ូតាស្យូមនៅក្នុងទឹកដូងក៏ជួយកាត់បន្ថយការកកកុញសារធាតុរ៉ែដែលបង្កឱ្យកើតក្រួសក្នុងតម្រងនោមផងដែរ៕