ផ្លែម្រះ ថ្វីត្បិតតែរសជាតិល្វីងរបស់វាអាចធ្វើឱ្យមនុស្សមួយចំនួនមិនចូលចិត្តក្ដី ក៏វាត្រូវបានគេប្រើប្រាស់ជាឱសថធម្មជាតិតាំងពីបុរាណមក។
ផ្លែម្រះមានផ្ទុកសារធាតុជាច្រើនដែលមានលក្ខណៈសម្បត្តិដូចអាំងស៊ុយលីន ដែលអាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។ វាជួយបង្កើនការបញ្ចេញអាំងស៊ុយលីន និងធ្វើឱ្យកោសិកាឆ្លើយតបកាន់តែល្អទៅនឹងអាំងស៊ុយលីន។ ដូច្នេះ ម្រះត្រូវបានគេប្រើប្រាស់ជាអាហារបំប៉នធម្មជាតិសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ ២។
យោងតាមការសិក្សាមួយចំនួនបានបង្ហាញថា សារធាតុមួយចំនួននៅក្នុងម្រះអាចមានសមត្ថភាពរារាំងការលូតលាស់នៃកោសិកាមហារីកមួយចំនួន ដូចជាមហារីកសុដន់ មហារីកពោះវៀនធំ និងមហារីកលំពែង។
ម្យ៉ាងវិញទៀត ផ្លែម្រះក៏អាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ និងទ្រីគ្លីសេរីដ ដែលជាកត្តាហានិភ័យនៃជំងឺបេះដូង។ វាក៏ជួយរក្សាសម្ពាធឈាមឱ្យមានលំនឹងផងដែរ ដោយសារវាសម្បូរជាតិប៉ូតាស្យូម។
ដោយឡែក វីតាមីន C ដ៏ខ្ពស់នៅក្នុងម្រះជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ ការពារអ្នកពីជំងឺឆ្លង និងជួយឱ្យរាងកាយប្រឆាំងនឹងការរលាក៕