ជំងឺតេតាណូសអាចកើតឡើងចំពោះមនុស្សយើងគ្រប់វ័យ និងទៅលើសត្វពាហនៈផងដែរ។ តែបើកើតលើកូនក្មេងទើបនឹងកើតយើងច្រើនហៅថាជំងឺស្កន់ជាន់។ ដោយសារមិនបានការចាក់ថ្នាំបង្ការ ឬចាក់មិនបានគ្រប់គ្រាន់ ឬមិនបានចាក់ រំលឹកឡើងវិញ និងការខ្វះអនាម័យធ្វើឲ្យជំងឺតេតាណូសកើតមានឡើងជាញឹកញាប់ហើយធ្ងន់ធ្ងរ ដែលបណ្តាលឲ្យអ្នកជំងឺស្លាប់។
យោងតាមមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថារោគសញ្ញានៃជំងឺតេតាណូសមាន៖
- ការកន្រ្ទាក់សាច់ដុំនៅលើផ្ទៃមុខធ្វើឲ្យ ពិបាកហាមាត់ មុខដូចស្វាសើច ពិបាកលេបទឹកមាត់ ឬចំណីអាហារ និងធ្វើឲ្យឈ្លក់។
- ការកន្រ្ទាក់សាច់ដុំ និងសាច់ដុំខ្នងធ្វើឲ្យ ក្បាលទាញមកក្រោយឆ្អឹងខ្នងកោង ផតមកមុខ។
- ការកន្រ្ទាក់សាច់ដុំនៅអវយវៈលើធ្វើឲ្យដៃបត់ចូលហើយរឹង។
- ការកន្រ្ទាក់សាច់ដុំនៅអវយវៈក្រោមធ្វើឲ្យជើងលាតសន្ធឹងត្រង់ហើយរឹង។
- ការកន្រ្ទាក់សាច់ដុំទ្រូងនិងសន្ទះទ្រូងធ្វើឲ្យអ្នកជំងឺពិបាកដកដង្ហើម។
ចំពោះរោគសញ្ញាផ្សេងទៀតមានឡើងឈាម បេះដូងដើរញាប់ បែកញើសខ្លាំង ក្តៅខ្លួន។ ក្នុងករណីធ្ងន់ធ្ងរខ្លាំងបេះដូងដើរយឺត និងសម្ពាធឈាមចុះ។ ជាមួយគ្នានេះមានការកន្រ្ទាក់សាច់ដុំជាប់និងមានការឈឺចាប់ខ្លាំង។ ការកន្រ្ទាក់សាច់ដុំនេះខ្លាំងឡើងៗ នៅពេលលឺសំឡេង ពេលត្រូវពន្លឺ ឬនៅពេលគ្រូពេទ្យពិនិត្យ។