មន្ទីរពេទ្យបង្អែកស្អាង បានប្រកាសកាលពីពេលថ្មីៗនេះថា ការពុលឡាន គឺជាលក្ខខណ្ឌមួយ ដែលមានការខ្វែងគំនិតគ្នា រវាងចលនាដែលមើលឃើញដោយភ្នែក និងអារម្មណ៍ចលនានៃប្រព័ន្ធ ។
នៅពេលដែលយើងចូលទៅដល់ក្នុងឡាន ដែលយើងជិះ អ្នកដំណើរ មានអារម្មណ៍មិនស្រួល ឈឺក្បាលវិលមុខ បែកញើសសស្រាក់ រកកល់ចង់ក្អួតភ្លាម ដូចបរិភោគអ្វីខុសអញ្ចឹង ។ អ្នកខ្លះគ្រាន់តែចូលទៅដល់ក្នុងឡាន ចេញដំណើរមិនទាន់ទាំងបាន១០០ម៉ែត្រផង ក៏តាំងពុលច្រងាប់ច្រងិលទៅហើយ ។
មន្ទីរពេទ្យបង្អែកស្អាង បានបន្តថា ការពិតអាការៈនេះស្តែងឡើង ដោយហេតុថា ព័ត៌មានដែលខួរក្បាលបានទទួល ព័ត៌មានដែលភ្នែកមើលឃើញ ត្រចៀកស្តាប់ឮ និងរាងកាយដែលសាច់ដុំប៉ះពាល់មានសភាពមិនច្បាស់លាស់ ច្របូកច្របល់ប្រឆាំងគ្នា និយាយជារួម គឺខ្លួនប្រាណយើងបាត់លំនឹង បង្កទៅជាការភ័យព្រួយគិតច្រើន ទោះបីជាការគិតនោះធ្វើឡើយដោយមិនបានប្រឹង មិនបានដឹងខ្លួនក៏ដោយ ក៏អាការៈពុលឡាននេះបានស្តែងចេញឡើងមកដែរ ។
មន្ទីរពេទ្យបង្អែកស្អាង បញ្ជាក់បន្តថា ក្លិនផ្សេងៗ កម្តៅ សំឡេងម៉ាស៊ីនឡាន ក៏ជាកត្តាបន្ទាប់បន្សំ នាំឲ្យពុលឡានដែរ ដូច្នេះបានជាអ្នកវិទ្យាសាស្ត្រ និងគ្រូពេទ្យមួយចំនួនគិតថា ការពុលឡានមិនមែនជា ជម្ងឺនោះទេ ។ ជនគ្រប់រូប អាចមានអាការៈពុលឡានទាំងអស់ មិនថា ក្មេងចាស់ប្រុសស្រី ដែលធ្លាប់ជិះឡានតាំងពីតូច ឬមិនធ្លាប់ជិះឡាននោះទេ ក៏ប៉ុន្តែអ្នកជិះឡានពុលទូទៅ គឺកុមារ និងស្រ្តី ។
ទោះបីជាយើងដឹងច្បាស់ថា ការពុលឡាននេះបណ្តាលមក ខួរក្បាលមិនអាចវិនិច្ឆ័យ ព័ត៌មានដែលមានលក្ខណប្រឆាំងគ្នាក៏ដោយ ក៏ការតាំងចិត្តតាំងកាយ តាំងអារម្មណ៍មិនអាចឲ្យយើងបញ្ចៀសផុត ពីការពុលឡាននេះបានដែរ។
មធ្យោបាយសាមញ្ញ និងមានប្រសិទ្ធភាពនោះ គឺការប្រើប្រាស់ថ្នាំនៅមុនពេលធ្វើដំណើរពីរបីម៉ោងមុន រឺនៅពេលមុនចេញដំណើរ ។ កាលដែលគេនិយាយថា កុំញ៉ាំអាហារច្រើនមុនពេលចេញធ្វើដំណើរ ដែលវាអាចធ្វើឲ្យយើងក្អួត គឺវាជាការផ្ទុយស្រលះ តាមពិតអ្នកគួរតែបរិភោគឲ្យឆ្អែតកុំឲ្យក្រពះទំនេរ ៕