តើអ្នកធ្លាប់ដឹងទេថា ក្រៅពីរសជាតិផ្អែមឈ្ងុយឆ្ងាញ់ និងក្លិនក្រអូបឈ្ងប់ ផ្លែខ្នុរក៏ជាអាហារដ៏អស្ចារ្យមួយសម្រាប់សុខភាពបេះដូងរបស់អ្នក? ផ្លែឈើនេះ មិនត្រឹមតែជាបង្អែមដ៏ពេញនិយមប៉ុណ្ណោះទេ ថែមទាំងផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាបេះដូងឲ្យរឹងមាំ និងមានដំណើរការល្អ។
តស់! មកស្វែងយល់ពីរបៀបដែលផ្លែខ្នុរអាចជួយជំនួយដល់សុខភាពបេះដូងរបស់អ្នក៖
១. គ្រប់គ្រងសម្ពាធឈាមឲ្យមានលំនឹងដោយសារជាតិប៉ូតាស្យូម៖
បញ្ហាសម្ពាធឈាមខ្ពស់ គឺជាកត្តាហានិភ័យចម្បងមួយនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ផ្លែខ្នុរគឺជាប្រភពដ៏ល្អនៃប៉ូតាស្យូមដែលជាសារធាតុរ៉ែដ៏សំខាន់សម្រាប់សុខភាពបេះដូង។ ប៉ូតាស្យូមជួយបន្ធូរជញ្ជាំងសរសៃឈាមដែលធ្វើឲ្យឈាមរត់បានស្រួល និងជួយកាត់បន្ថយសម្ពាធឈាមឲ្យស្ថិតក្នុងកម្រិតធម្មតា។ ការទទួលទានផ្លែខ្នុរជាប្រចាំ អាចរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាលំនឹងសម្ពាធឈាមរបស់អ្នក។
២. កាត់បន្ថយកូលេស្តេរ៉ូលអាក្រក់ (LDL) ដោយសារជាតិសរសៃ៖
កូលេស្តេរ៉ូលអាក្រក់ (LDL) ច្រើនពេកក្នុងឈាម អាចបង្កឲ្យមានការកកស្ទះនៅក្នុងសរសៃឈាម ដែលនាំឲ្យកើតជំងឺសរសៃឈាមបេះដូង។ ផ្លែខ្នុរមានផ្ទុកជាតិសរសៃខ្ពស់ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ូល LDLនៅក្នុងឈាម។ ជាតិសរសៃជួយភ្ជាប់ជាមួយកូលេស្តេរ៉ូល និងបណ្ដេញវាចេញពីរាងកាយ មុនពេលវាត្រូវបានស្រូបចូលក្នុងចរន្តឈាម។
៣. ការពារសរសៃឈាមពីការខូចខាតដោយសារសារធាតុប្រឆាំងអុកស៊ីតកម្ម៖
ផ្លែខ្នុរសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដូចជា Carotenoids, Flavonoids និងវីតាមីន C។ សារធាតុទាំងនេះមានតួនាទីដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលជាម៉ូលេគុលបង្កគ្រោះថ្នាក់អាចបំផ្លាញកោសិកា និងសរសៃឈាម។ ការការពារការខូចខាតសរសៃឈាមនេះ ជួយរក្សាសរសៃឈាមឲ្យមានភាពបត់បែនល្អ និងកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង៕