ថ្នាំពេទ្យប្រភេទ កូរទីកូអ៊ីត ឬក៏ ស្តេរយ ជាថ្នាំដែលគេប្រើប្រាស់សម្រាប់ព្យាបាល រលាកសន្លាក់ ឈឺសន្លាក់ និងជំងឺរ៉ាំរ៉ៃមួយចំនួនទៀត។
ថ្នាំដែលបានរៀបរាប់ខាងលើនេះ មានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រើប្រាស់ព្យាបាលជំងឺ ប៉ុន្តែបើយើងមិនបានគោរពនូវលក្ខណ្ឌវេជ្ជសាស្រ្តនៃការប្រើប្រាស់ថ្នាំទាំងនោះទេ វាអាចបណ្តាលឲ្យមានគ្រោះថ្នាក់ ហើយជួនកាលវាអាចគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។
យោងតាមមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថាផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំ កូរទីកូអ៊ីត ឬក៏ ស្តេរយ មិនបានត្រឹមត្រូវ៖
១) ធ្វើឱ្យមានការប្រែប្រួលអរម៉ូន កូរទីកូអ៊ីត ឬក៏ ស្តេរយ ធម្មជាតិនៅក្នុងខ្លួន៖
នៅពេលដែលយើងកំពុងប្រើប្រាស់ថ្នាំដែលបានរៀបរាប់ខាងលើក្នុងរយៈពេលយូរ និងកម្រិតដូសខ្ពស់មិនបានត្រឹមត្រូវ ពេលនោះអ្នកជំងឺលេចចេញនូវរោគសញ្ញាដូចជា ហើមមុខ ធាត់ក្បាលពោះប៉ុន្តែអវយវៈដៃជើងតូចៗ ស្បែកឡើងផុយងាយជាំ រលាត់។
នៅពេលអ្នកជំងឺឈប់ប្រើប្រាស់ថ្នាំទាំងនោះ ពេលនោះអរម៉ូនធម្មជាតិនៅក្នុងខ្លួនយើងមានការថយចុះ ឬក៏មិនផលិត ពេលនោះពួកគាត់លេចចេញរោគសញ្ញាដូចជា អស់កម្លាំង ហេវហត់ ល្ហិតល្ហៃ ជាពិសេសនៅពេលថ្ងៃរសៀលចាប់ពីម៉ោង ៤ សម្ពាធឈាមគាត់ចុះ ហើយជួនកាលសម្ពាធឈាមចុះរហូតដល់មានគ្រោះថ្នាក់ទៀតផង។
២) កើតជំងឺទឹកនោមផ្អែម៖
កាលណាយើងប្រើប្រាស់ថ្នាំប្រភេទ Corticoid ឬក៏ Steroids អ្នកជំងឺពេលនោះ គាត់មានអាការៈឃ្លាន ទទួលទានហូបឆ្ងាញ់ ទទួលទានបាន ជាហេតុធ្វើឱ្យគាត់ចេញជំងឺ
ទឹកនោមផ្អែម។
៣) កើតជំងឺលើសឈាម៖
នៅពេលដែលយើងទទួលទានថ្នាំ កូរទីកូអ៊ីត ឬក៏ ស្តេរយ ក្នុងកម្រិតមួយខ្ពស់ វាធ្វើឱ្យយើងចាល់ជាតិទឹក និងជាតិសូដ្យូមនៅក្នុងខ្លួន ពេលនោះសម្ពាធឈាមយើងកើនឡើង៕