ក្រសាំង គឺជាឈ្មោះឈើមួយប្រភេទ មានផ្លែប្រើជាម្ជូរបាន ស្លឹកល្អិតៗ ផ្កាធ្វើជាអន្លក់ទឹកគ្រឿង ឬជាបន្លែសម្លកកូរ, ជាឈើមានបន្លា មានដើមកំណើតនៅប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម និងកោះជ្វា ប្រទេសឥណ្ឌូណេស៊ី។ អ្វីដែលពិសេស ក្រៅពីប្រើក្នុងវិស័យម្ហូបអាហារហើយនោះ ក្រសាំងក៏ត្រូវបានគេប្រើជាឱសថរាប់តាំងពី ស្លឹក ផ្លែ ផ្លា និងដើម។
យោងតាមសៀវភៅ រុក្ខជាតិឱសថកម្ពុជា ចេញផ្សាយដោយក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ បានឱ្យដឹងថា រុក្ខជាតិនេះគេអាចប្រើវាទាំងស្លឹក, ផ្លែ និងដើមវាទាំងមូល។ រុក្ខជាតិប្រភេទនេះ ស្លឹក, សំបកដើម និងឬសរបស់វាមានរសជាតិ ហាង, ល្វីង, ហឺរតិចៗ ចំណែកសាច់ក្នុងផ្លែ មានរសជាតិជូរ។ ចំពោះប្រសិទ្ធភាពក្នុងការព្យាបាលជំងឺ គេអាចយកសំបកដើមទៅប្រើជំនួយសរសៃស្ត្រីទើបឆ្លងទន្លេ ដើម្បីព្យាបាលឬសម្រួលរាងកាយស្ត្រីដែលមានបញ្ហា ទាស់សរសៃ, គ្រាំ ហើមពោះ, ស្បូនស្រុត និង ផ្តាសាយ។
ឯកសារនោះបានបញ្ជាក់ថាចំពោះវិធីប្រើ គឺគេយកសំបកដើមប្រើពី ២០-៣០ ក្រាម មកដាំផឹកប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ តាមឯកសារបុរាណបានចែងថា ករណី ពស់ព្រួសពិសចូលភ្នែក គេឱ្យយកត្រួយក្រសាំងជាមួយនឹង ត្រួយភ្ងាស ទំពារព្រួសដាក់ភ្នែក ក្រោយពេលពស់ព្រួសពិសដាក់ពេលភ្លាមៗ រួមនឹងអត្ថប្រយោជន៍ជាច្រើនទៀត៕