អាការៈក្តៅខ្លួនលើក្មេងៗភាគច្រើនបណ្តាលមកពីវីរុស និងអាចជាសញ្ញាសំខាន់នៃជំងឺស្រាលៗមួយចំនួនដូចជា ផ្តាសាយ រលាកច្រមុះ រលាកបំពង់កជាដើម ហើយវានឹងថមថយ ឬបាត់ទៅវិញនៅថ្ងៃទី៣ ។
តែទោះបែបនេះក្តី អាការៈក្តៅខ្លួនលើក្មេងៗខ្លះអាចក៏បណ្តាលមកពីបាក់តេរី ហើយក៏ជាករណីធ្ងន់ធ្ងរមួយចំនួន ។ ក្នុងករណីដែលក្មេងក្តៅខ្លួន ហើយចេញរោគសញ្ញាមួយចំនួនខាងក្រោមនេះ អាចជា សញ្ញាជំងឺធ្ងន់ៗដូចជា គ្រុនឈាម គ្រុនឈីក រលាកទងសួត ឬសួត រលាកស្រោមខួរ ជាដើម ។
សញ្ញាធ្ងន់ធ្ងរនៃជំងឺទាំងនោះ មានដូចជា ៖
– កុមារមិនញ៉ាំ មិនលេងដូចមុន សន្លឹម
– ចេញកន្ទួល ឬអុជក្រហមលើស្បែក ហូរឈាមច្រមុះ
– ឈឺសន្លាក់
– ឈឺពោះ រាករូស
– ប្រកាច់ ឬសន្លប់។ល។