ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំងឺដែលសំបូរជាងគេក្នុងចំណោមភាពមិនប្រក្រតីពីកំណើត ដែលមានអត្រាប្រហែល ១% លើពិភពលោក។
យោងតាមមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថាភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង មានចែកចេញជាប្រភេទស្រាល ដែលមិនប៉ះពាល់ទៅដល់ការលូតលាស់របស់ទារក និងកុមារ ដែលប្រភេទនេះមានចំនួនច្រើន ដែលអាចវិវត្តទៅជាសះស្បើយ ដោយខ្លួនឯង ឬបន្ទាប់ពីធ្វើការវះកាត់។ចំណែកភាពមិនប្រក្រតីនៃបេះដូងប្រភេទធ្ងន់ធ្ងរអាចធ្វើអោយខ្សោយបេះដូង និងបាត់បង់ជីវិត ប៉ុន្តែអាចជួយព្យាបាលបានជាមួយបច្ចេកវិទ្យាទំនើបថ្មីៗនាពេលបច្ចុប្បន្ននេះ បើសិនរកឃើញ និងបញ្ជូនទៅអ្នកជំនាញ ឬមន្ទីពេទ្យឲ្យបានទាន់ពេលវេលា។
ប្រភពខាងលើនេះបានបញ្ជាក់ថាការរកមើលភាពមិនប្រក្រតីនៃបេះដូង អាចធ្វើទៅបានក្នុងអំឡុងពេលមានផ្ទៃពោះ ក្នុងចន្លោះរយៈពេល ១៨ ទៅ ២២សប្ដាហ៍ នៃគត៌ ដែលអត្រាអាចរកមើលឃើញត្រឹម ៨០ ទៅ ៩០%តែប៉ុណ្ណោះ។ការធ្វើអេកូបេះដូងលើទារកក្រោយកើត ដែលធ្វើឡើងជារបៀប ស្វែងរកជាលក្ខណៈទូទៅ គឺជាវិធីសាស្រ្តល្អដែលមានលទ្ធផល (Sensibilité និង Spécificité) ខ្ពស់ ក្នុងការរកឃើញជំងឺបេះដូងពីកំណើត ហើយម្យ៉ាងទៀតជាវិធីសាស្រ្តងាយ និងមិនបង្កឲ្យមានការឈឺចាប់ តែតម្រូវឲ្យប្រើពេលវេលា និងអ្នកជំនាញប្រកបដោយសមត្ថភាពបទពិសោធច្បាស់លាស់។
ប្រភពដដែលនេះបានឲ្យដឹងដែរថាក្រោយការរកឃើញជំងឺបេះដូងពីកំណើត គ្រូពេទ្យឯកទេសនឹងធ្វើការណែនាំថាត្រូវតាមដានបន្ត ឬត្រូវបញ្ជូន? បើជាលក្ខណៈប្រភេទស្រាល គ្រូពេទ្យអាចណាត់មកតាមដានមើលលើកក្រោយ ក្នុងរយៈពេល១ខែ ២ខែ ៣ខែ ឬ៦ខែទៅតាមសភាពជាក់ស្តែង។ បើជាប្រភេទធ្ងន់ធ្ងរ គ្រូពេទ្យនឹងធ្វើការបញ្ចូនទៅផ្នែកអគារបេះដូងកុមារ ដើម្បីធ្វើការព្យាបាលដោយថ្នាំ ឬដោយការវះកាត់។
«ការរុករកមើលជំងឺបេះដូងពីកំណើតដោយវិធីសាស្រ្តអេកូបេះដូងលើទារក និងការបញ្ជូនទៅផ្នែកជំនាញបេះដូងកុមារអោយបានទាន់ពេលវេលាគឺជាការចាំបាច់បំផុត។» នេះជាការបញ្ជាក់របស់មន្ទីរពេទ្យកាល់ម៉ែត៕