ផ្លែកន្ទួតមិនត្រឹមតែជាអាហារសម្រន់ដ៏ពេញនិយមប៉ុណ្ណោះទេ តែវាក៏ជាប្រភពនៃសារធាតុចិញ្ចឹមដ៏សម្បូរបែប ដែលអាចផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព និងសម្រស់របស់អ្នក។
១. សម្បូរវីតាមីន C ជំនួយប្រព័ន្ធភាពស៊ាំ
ផ្លែកន្ទួតគឺជាឃ្លាំងផ្ទុកវីតាមីន C ដ៏មហាសាល!វីតាមីននេះដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ ជួយប្រយុទ្ធប្រឆាំងនឹងមេរោគ និងបាក់តេរីដែលបង្កជំងឺ។ ការទទួលទានផ្លែកន្ទួតជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺផ្ដាសាយ គ្រុនក្ដៅ និងជួយឲ្យរាងកាយឆាប់ជាសះស្បើយពីជំងឺនានា។
២. ប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម
ក្រៅពីវីតាមីន C ផ្លែកន្ទួតក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនទៀតដូចជា Flavonoids និង Polyphenols ជាដើម។ សារធាតុទាំងនេះជួយការពារកោសិកាពីរ៉ាឌីកាល់សេរី ដែលជាមូលហេតុចម្បងនៃការខូចខាតកោសិកា នាំឲ្យមានភាពចាស់ជរា និងជំងឺរ៉ាំរ៉ៃផ្សេងៗដូចជា មហារីក និងជំងឺបេះដូង។ ការញ៉ាំកន្ទួតអាចជួយថែរក្សាកោសិកាឲ្យនៅក្មេង និងមានសុខភាពល្អ៕