ដុំគីសដៃស្បូន ជាដុំទឹកស្រោបដោយស្រោមនៅក្នុង ឬនៅលើផ្ទៃនៃអូវែ ដែលនៅសងខាងស្បូនស្ត្រី។
យោងតាមការចុះផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែតកាលពីពេលថ្មីៗនេះបានឱ្យដឹងថាគីសដៃស្បូន មាន
រោគសញ្ញាដូចជា៖
- ឈឺអាងត្រគាកស្ទុំៗ និងអាចរាលដាលទៅក្រោយ
- ឈឺអាងត្រគាកមុនចាប់ផ្តើមមករដូវ ឬពេលរួមដំណេក (Dyspareunia)
- ក្អួតចង្អោរ និងមានអារម្មណ៍ថាពេញណែនធ្ងន់ក្នុងពោះ
- នោមញឹក ឬក៏ពិបាកនោម
- អាចមានចុកពោះខ្លាំងភ្លាមៗ ព្រមទាំងក្អួត និងក្តៅខ្លួន
- ភាគច្រើនវាវិវត្តន៍ធំធាត់ដោយស្ងៀមស្ងាត់
ឯកសារខាងលើនេះ បានបញ្ជាក់ថាមូលហេតុនៃជំងឺនេះ កើតឡើងទៅតាមប្រភេទនៃគីសនីមួយៗ៖
១. Follicular cyst: ដោយវាពុំបានបញ្ចេញពងមេជីវិត។
២. Corpus luteum cyst: ពងមេជីវិតត្រូវបានបញ្ចេញ ប៉ុន្តែរន្ធនោះត្រូវបានបិទជិតវិញ។
ដុំគីសទាំងពីរប្រភេទនេះ (១ និង២) មិនមានបញ្ហាអ្វីទេ វានឹងបាត់ទៅវិញក្នុងរយៈពេល ២ ទៅ ៣ខែ បន្ទាប់។
៣. Dermoidcysts: ផ្សំទៅដោយជាលិការផ្សេងៗដូចជា សក់ ស្បែក ឬក៏ធ្មេញ…។ ករណីនេះកម្រក្លាយជាមហារីកណាស់។
៤. Cystadenomas: ផ្សំដោយទឹករំអិលខាប់ៗ ដែលកើតចេញពីជាលិកាអូវែ
៥. Endometriomas: ផ្សំដោយឈាមរដូវខាប់ៗដែលកើតចេញពីកោសិការអង់ដូម៉ែត និង រីកធំធាត់នៅក្រៅស្បូន៕