ការបរិភោគអាហារផ្អាប់យូរ មានដុះផ្សិត Beta Aflatoxin ជាប្រចាំ អាចបណ្តាលឲ្យកើតមហារីកថ្លើម មានអត្រាខ្ពស់ជាង មេរោគរលាកថ្លើម បេ និង សេ រួមបញ្ចូលគ្នាទៅទៀត។ នេះបើយោងតាមការផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែតកាលពីពេលថ្មីៗនេះ។
ឯកសារនោះបានឱ្យដឹងដែរថា ដុំមហារីកសាច់ថ្លើម ភាគច្រើនគឺបណ្តាលមកពីការរលាកសាច់ថ្លើមរ៉ាំរៃ (Chronic Hepatitis)។ ដោយសារមេរោគរលាកថ្លើមប្រភេទ សេ ប្រភេទ បេ និងការពិសាគ្រឿងស្រវឹងច្រើនហើយរយៈពេលយូរជាដើម ហើយវិវត្តន៍ទៅជាថ្លើមក្រិន និងដំណាក់កាលចុងក្រោយគឺការលេចចេញនៃដុំមហារីក នៅលើសាច់ថ្លើមដែលគ្រិននោះ (៨០-៩០%)។
ឯកសារដដែលនោះ បានឱ្យដឹងទៀតថា មូលហេតុខ្លះៗបន្ថែមទៀតមាន
សត្វល្អិតម្យ៉ាងរស់តាមដងទន្លេមេគង្គលើ ម្តុំខេត្តក្រចេះ និងស្ទឹងត្រែង (liver fluke) អាចឆ្លងមកមនុស្សដោយការទទួលទានខ្ចៅ ខ្យង ឬត្រីដែលមានពង ឬកូនសត្វល្អិតប៉ារ៉ាស៊ីតនេះហើយចម្អិនមិនឆ្អិនល្អ។
ឯកសារខាងលើនេះ ក៏បានគូសបញ្ជាក់ថាដុំមហារីកថ្លើមក៏អាចមាននៅលើអ្នកជំងឺដែលមិនទាន់មានបញ្ហាក្រិនថ្លើមផងដែរ (១០% ទៅ ២០%) ជាពិសេសគឺអ្នកជំងឺដែលមានផ្ទុកមេរោគរលាកថ្លើមប្រភេទ បេ រ៉ាំរៃ (chronic hepatitis B )៕