តើអ្នកគិតថាពោតគ្រាន់តែជាអាហារសម្រន់ដ៏ឆ្ងាញ់មាត់ប៉ុណ្ណោះមែនទេ? តាមពិតទៅ គ្រាប់ពោតតូចៗទាំងនេះលាក់បាំងនូវអត្ថប្រយោជន៍សុខភាពដ៏សម្បូរបែបដែលអ្នកនឹកស្មានមិនដល់។ មិនថាជាពោតស្ងោរ ពោតអាំង ឬជាចំណីអាហារផ្សេងៗទៀត ពោតអាចផ្ដល់គុណប្រយោជន៍យ៉ាងច្រើនដល់រាងកាយរបស់អ្នក។ តស់! មកស្វែងយល់ទាំងអស់គ្នា។
១. ប្រភពថាមពលដ៏ប្រសើរ
ពោតសម្បូរទៅដោយ កាបូអ៊ីដ្រាត ដែលជាប្រភពថាមពលដ៏សំខាន់សម្រាប់រាងកាយ។ កាបូអ៊ីដ្រាតទាំងនេះត្រូវបានបំបែកបន្តិចម្ដងៗ ធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមមានលំនឹង និងផ្ដល់ថាមពលបានយូរអង្វែង។ ដូច្នេះ ពោតជាជម្រើសដ៏ល្អសម្រាប់អ្នកដែលត្រូវការថាមពលសម្រាប់ការធ្វើសកម្មភាពប្រចាំថ្ងៃ ឬការហាត់ប្រាណ។
២. ជួយដល់ប្រព័ន្ធរំលាយអាហារ
ពោតគឺជាប្រភពដ៏ល្អនៃ ជាតិសរសៃដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសុខភាពប្រព័ន្ធរំលាយអាហារ។ ជាតិសរសៃជួយបង្កើនបរិមាណលាមក សម្រួលដល់ចលនាពោះវៀនឱ្យបានទៀងទាត់ និងការពារបញ្ហាទល់លាមក។ លើសពីនេះ វាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺឬសដូងបាត និងមហារីកពោះវៀនធំទៀតផង។
៣. ល្អសម្រាប់សុខភាពបេះដូង
ជាតិសរសៃដែលមាននៅក្នុងពោតអាចជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់ (LDL cholesterol) នៅក្នុងឈាម ដែលជាកត្តាមួយនាំឱ្យកើតជំងឺបេះដូង។ លើសពីនេះ ពោតក៏មានផ្ទុកវីតាមីន B ដូចជា Folateដែលជួយកាត់បន្ថយកម្រិត homocysteine ដែលជាអាស៊ីតអាមីណូមួយអាចបង្កើនហានិភ័យនៃជំងឺបេះដូង។
៤. អាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាម
ទោះជាពោតមានជាតិកាបូអ៊ីដ្រាតក៏ដោយ ជាតិសរសៃរបស់វាអាចជួយបន្ថយល្បឿននៃការស្រូបយកជាតិស្ករទៅក្នុងឈាម ដែលអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២។ ទោះជាយ៉ាងណា ការទទួលទានក្នុងបរិមាណសមល្មមគឺសំខាន់ណាស់៕