ការប្រើអង្រឹងសម្រាប់យោលឱ្យកូនគេង នៅតែពេញនិយម ក្នុងសង្គមខ្មែរយើង ។ តែទោះជាយ៉ាងណាក៏ដោយ វាមានភាពចាំបាច់ណាស់ក្នុងការយល់ដឹងអំពីហានិភ័យ ដែលអាចកើតមានទាក់ទងនឹងការប្រើអង្រឹងនេះ ដើម្បីធានាសុវត្ថិភាពរបស់កូនតូចៗ ។ នេះបើយោងតាមផេកមន្ទីរពេទ្យបង្អែកស្អាងបានផ្សាយនាថ្ងៃទី០២ ខែកក្កដានេះ ។
មន្ទីរពេទ្យបង្អែកស្អាង បានបន្តថា តាមឯកសាររបស់ National Institute for Health and Care Excellence និង American Academy of Pediatrics ដែលនិយាយអំពីហានិភ័យនៃទម្រង់ក្នុងការដាក់កូនអោយគេងបានលើកឡើងពីចំណុចនៃគ្រោះថ្នាក់ ដែលអាចកើតមានចំពោះកូនតូចៗដែលគេងក្នុងអង្រឹងដូចខាងក្រោម ៖
– ការថប់ដង្ហើម ៖ អង្រឹងត្រូវបានរចនាឡើងសម្រាប់លំយោល ដែលអាចធ្វើពីក្រណាត់ទន់ ហើយបិទជិត (ឬមានប្រហោងខ្លះតាមម៉ូដ) ដែលអាចបង្កើនហានិភ័យនៃការថប់ដង្ហើមសម្រាប់ទារក ប្រសិនបើទារកផ្កា.ប់មុខទៅលើក្រណាត់អង្រឹង ឬពូក ឬក្រណាត់ទ្រាប់ខ្នង ដែលគ្មានខ្យល់ចេញចូលដែលធ្វើអោយកូនតូច ខ្ទប់មុខជិតឈឹង ឈប់រហូតដកដង្ហើមលែងរួច ។
– ហានិភ័យនៃការស្លា.ប់របស់ទារកភ្លាមៗ Sudden Infant Death Syndrome (SIDS) ៖ ការដេកក្នុងទីតាំងគ្មានលំនឹង (រអិលចុះឡើង) ដូចដែលបានរកឃើញជាញឹកញាប់នៅក្នុងអង្រឹង ដែលមានរាងកោង អាចបណ្តាលអោយក្បាលរបស់ទារកអណ្តែតទៅមុខ ឬរអិលទៅរកការផ្កា.ប់មុខស្រួល ដែលអាចធ្វើអោយស្ទះផ្លូវដង្ហើមរបស់ពួកគេភ្លាមៗ ។
ទម្រងគេងដែលល្អបំផុត គឺគេងលើផ្ទៃរាបស្មើ ពូករឹងល្មម (កុំទន់ពេក) គេងទម្រង់ខ្នង ហើយមិនត្រូវមានអ្វីបាំងមុខ ឬទើសដៃ ទើសជើង រំខានកូនរើមិនរួចឡើយ ៕