រោគសញ្ញាដែលអាចឲ្យយើងដឹងអំពីជំងឺដុំមហារីកថ្លើមគឺមានដូចជា មានការឈឺចុកចាប់នៅផ្នែកខាងស្តាំនៃពោះ, ថ្លើមរីកធំ (ដោយការពិនិត្យរបស់វេជ្ជបណ្ឌិត),អ្នកជំងឺភាគច្រើនមានមកជាមួយរោគសញ្ញានៃជំងឺគ្រិនថ្លើម (លឿងភ្នែក និងស្បែក ទាចទឹកក្នុងស្រោមពោះហើមជើង…, មានពេលខ្លះអ្នកជំងឺបានរកឃើញដុំសាច់មហារីកថ្លើមនេះដោយការពិនិត្យមើលអេកូពោះ (Medical checkup)…។
យោងតាមមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា មូលហេតុបណ្ដាលឲ្យមានជំងឺដុំមហារីកថ្លើមគឺដុំមហារីកសាច់ថ្លើម ភាគច្រើនគឺបណ្តាលមកពីការរលាកសាច់ថ្លើមរ៉ាំរៃ (Chronic Hepatitis)។ ដោយសារមេរោគរលាកថ្លើមប្រភេទ សេ ប្រភេទ បេ និងការពិសាគ្រឿងស្រវឹងច្រើនហើយរយៈពេលយូរជាដើម ហើយវិវត្តន៍ទៅជាថ្លើមក្រិន និងដំណាក់កាលចុងក្រោយគឺការលេចចេញនៃដុំមហារីក នៅលើសាច់ថ្លើមដែលគ្រិននោះ (80-90%)។
ប្រភពខាងលើនេះ បានបញ្ជាក់ថា វិធីសាស្ត្រនៃការព្យាបាលមានដូចជា ការវះកាត់, ការចាក់បញ្ចូលជាតិអាល់កុល ការដុតកម្ទេចដោយកម្ដៅ Radio frequency និង សារជាតិគីមី (Chemo embolisation) ដើម្បីកម្ទេចដុំសាច់មហារីកនេះ និងការប្រើប្រាស់ថ្នាំដើម្បីជួយពន្យារការលូតលាស់របស់ដុំសាច់នេះ។ គោលបំណងសំខាន់របស់ការព្យាបាលទាំងអស់នេះ គឺដើម្បីលើកកម្ពស់ការស់នៅរបស់អ្នកជំងឺ និងពន្យារពេលនៃការរស់នៅរបស់អ្នកជំងឺឲ្យបានកាន់តែយូរបំផុតតាមលទ្ធភាពដែលអាចធ្វើទៅបាន៕