វីតាមីន B12 ឬ Cobalamin គឺជាវីតាមីន B ដ៏សំខាន់មួយ ដែលមានសារៈសំខាន់ ក្នុងការថែរក្សាថាមពលក្នុងខ្លួន សុខភាពសាច់ដុំ សរសៃឈាម សរសៃប្រសាទ និងខួរក្បាល។ រាងកាយរបស់យើងមិនអាចផលិតវាបានដោយខ្លួនឯងទេ។ ដូចនេះ យើងត្រូវទទួលបានវាពីអាហារដែលយើងទទួលទាន ឬ ការចាក់បញ្ចូលតាមថ្នាំចាក់។ ប្រសិនបើខ្វះវា តើរាងកាយយើងនឹងទៅជាបែបណា?
១. ញ័រទ្រូង និង មានអារម្មណ៍ស្ទះៗ
ដោយសារតែញ៉ាំអាហារមានជាតិវីតាមីន B12 មិនគ្រប់គ្រាន់រាល់ថ្ងៃ អ្នកទំនងជាអាចងាយ នឹងមានបញ្ហាញ័រដើមទ្រូងណាស់។ ការពិបាកដកដង្ហើម ឬ មានអារម្មណ៍ស្ទះៗ ក៏ដោយសារតែរាងកាយមិនសូវមានគ្រាប់ឈាមក្រហម។ នេះក៏ដោយសារតែ ការខ្វះឈាមក្រហមគឺកើតឡើងមួយផ្នែកធំដោយសារការខ្វះវីតាមីន B12។ ការដោះស្រាយបញ្ហាកង្វះគ្រាប់ឈាមបាន នឹងជួយសម្រាលដល់ការញ័រដើមទ្រូង និងពិបាកដកដង្ហើមនេះបាន។
២. មានអារម្មណ៍ឈឺចាក់នៅចុងដៃចុងជើង
អ្នកប្រហែលជាត្រូវញ៉ាំអាហារណា ដែលសម្បូរវីតាមីន B12 ច្រើនបន្តិច បើសិនជាអ្នកឧស្សាហ៍ មានអាការៈឈឺឈៀបៗនៅចុងដៃ និងជើង។ អ្នកខ្លះ ក៏មានអាការៈស្ពឹកៗ ឬក្រហាយៗដែរ។ វីតាមីន B12 សំខាន់ណាស់ ក្នុងការបំពេញមុខងារ សរសៃប្រសាទកាន់តែល្អ។
៣. បញ្ហាបាក់ទឹកចិត្ត
អ្នកជំនាញនិយាយថា កង្វះវីតាមីន B12 ប្រហែលជានាំឱ្យបាក់ទឹកចិត្តដែរ។ ដោយសារតែវីតាមីន B12 មានសារៈសំខាន់ សម្រាប់ការផលិតសារធាតុគីមីក្នុងខួរក្បាល ដូច្នេះ កាលណាចំនួនរបស់វា ទៅជាអតុល្យភាពនោះ សារធាតុគីមីរបស់ខួរក្បាល អាចបង្កជាការបាក់ទឹកចិត្តបាន។ អ្នកជំងឺភ្លេចភ្លាំង និងខ្លាចច្រើន ក៏អាចបណ្តាលមក ពីកង្វះវីតាមីន B12 ដែរ៕