ការគេង គឺសំខាន់ណាស់ចំពោះសុខភាពរាងកាយ។ ទោះជាយ៉ាងណាមិនត្រឹមតែការគេងមិនគ្រប់គ្រាន់នោះទេដែលបង្កផលប៉ះពាល់ចំពោះសុខភាព ប៉ុន្តែទម្លាប់មួយចំនួននៅពេលគេងក៏ជះឥទ្ធិពលគួរអោយព្រួយបារម្ភផងដែរ។ តើទម្លាប់ទាំងនោះមានអ្វីខ្លះទៅ?
១. គេងបើកភ្លើង
មនុស្សមួយចំនួនមិនអាចគេងដោយមិនបើកភ្លើងបានឡើយ ។ ទោះជាយ៉ាងណា ការគេងបើកភ្លើង ឬសូម្បីតែមានពន្លឺតែបន្តិចក៏ដោយនៅពេលគេងអាចជះឥទ្ធិពលដល់គុណភាពនៃការគេង ព្រមថែមទាំងបណ្ដាលអោយកើនទម្ងន់ទៀតផង។ នោះក៏ព្រោះតែអរម៉ូនស្ត្រេសករទីសូល (Cortisol) ដំណើរការមុខងារមិនប្រក្រតីនៅពេលអ្នកគេងបើកភ្លើង។
២. ស្លៀកពាក់តឹងៗ
តើអ្នកធ្លាប់ដឹងទេការគេងស្រាតអាចធ្វើអោយការគេងរបស់អ្នកកាន់តែប្រសើរឡើង? យើងក៏បានចុះផ្សាយអត្ថបទមួយរួចមកហើយពីប្រធានបទនេះ។ នោះក៏ព្រោះតែការស្លៀកសម្លៀកបំពាក់រឹបតឹងអាចបណ្ដាលអោយអ្នកមានអារម្មណ៍គ្មានផាសុកភាព ហើយបង្កើនសីតុណ្ហភាពរាងកាយ។ វាក៏ជះឥទ្ធិពលដល់ការបញ្ចេញអរម៉ូនមេឡាតូនីនដែលទទួលទានខុសត្រូវចំពោះការគេង ឬដំណេកផងដែរ។
៣. គេងទាំងគ្រឿងសម្អាងលើមុខ
ស្ត្រីភាគច្រើនមានទម្លាប់មិនល្អមួយដោយគេងទាំងមិនលាងគ្រឿងតុបតែងចេញពីមុខ។ ការគេងទាំងគ្រឿងសម្អាងបែបនេះបង្កផលប៉ះពាល់ដល់ស្បែកមុខគួរអោយព្រួយបារម្ភដែលមិនត្រឹមតែជះឥទ្ធិពលដល់ស្រទាប់កូឡាជែនប៉ុណ្ណោះទេ ប៉ុន្តែក៏នាំអោយកើតរោគមុនដោយសារតែការស្ទះរន្ធញើសផងដែរ៕