នៅពេលរវល់ខ្លាំង អ្នកប្រហែលជាគិតថា វាមិនមែនជារឿងធំដុំទេក្នុងការមើលរំលងក្រពះរបស់អ្នកដែលកំពុងឃ្លាន។ នៅពេលក្រពះរបស់អ្នកទទេ អ្នកត្រូវដឹងច្បាស់ថា អ្នកនឹងមិនធ្វើរឿង៣យ៉ាងខាងក្រោម ប្រសិនបើមិនចង់ឱ្យខូចសុខភាព។
១. ផឹកកាហ្វេ
កាហ្វេ ទោះបីជាប្រភេទគ្មានជាតិកាហ្វេអ៊ីនក៏ដោយ ក៏នឹងជំរុញការផលិតអាស៊ីត ដែលអាចបណ្តាលឱ្យមានបញ្ហាផ្លូវរំលាយអាហារច្រើន ប្រសិនបើផឹកទាំងពោះទទេ។ វាអាចនាំឱ្យកង្វះសារធាតុសេរ៉ូតូនីន ដែលជាលទ្ធផលនឹងធ្វើឱ្យអារម្មណ៍អាប់អួរ។ ប្រសិនបើអ្នកមិនមានពេលសម្រាប់អាហារពេលព្រឹកទេ ចូរផឹកកាហ្វេជាមួយទឹកដោះគោ ឬក្រែម ព្រោះវាជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន។
២. ទំពារស្ករកៅស៊ូ
នៅពេលអ្នកទំពារស្ករកៅស៊ូ សារពាង្គកាយរបស់អ្នកគិតថា អ្នកកំពុងញ៉ាំអាហារដែលនឹងត្រូវរំលាយក្នុងពេលឆាប់ៗនេះ ហើយក្រពះរបស់អ្នកនឹងបង្កើតអាស៊ីតរំលាយអាហារ ដែលបំផ្លាញក្រពះនៅពេលទទេ។ ការទំពារស្ករកៅស៊ូច្រើនជ្រុល អាចឈានដល់ការវិវត្តនៃជំងឺរលាកក្រពះ។ ម្យ៉ាងទៀត កុំទំពារស្ករកៅស៊ូលើសពី ១០នាទី សូម្បីតែក្រោយទទួលទានអាហារពេញពោះក៏ដោយ។
៣. លេបថ្នាំមួយចំនួន ជាពិសេសថ្នាំប្រឆាំងនឹងការរលាក
ថ្នាំប្រឆាំងនឹងការរលាក មិនគួរត្រូវបានលេបនៅលើពោះទទេនោះទេ។ នេះមិនមែនដោយសារតែប្រសិទ្ធភាពរបស់វានឹងកាត់បន្ថយនោះទេ ប៉ុន្តែដោយសារតែពួកវាអាចបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរដូចជាការហូរឈាមក្រពះ។ ជាទូទៅ អ្នកពិតជាមិនគួរលេបថ្នាំណាមួយពេលពោះទទេឡើយ លុះត្រាតែគ្រូពេទ្យប្រាប់អ្នកឱ្យធ្វើបែបនោះ៕