មានតែការពិនិត្យឈាមមួយគត់ ដែលអាចបញ្ជាក់ប្រាប់អ្នកថា មានឬគ្មានមេរោគរលាកថ្លើមប្រភេទបេ ។ ក្នុងករណីខ្លះជំងឺរលាកថ្លើមប្រភេទបេនេះ ក៏អាចលេចចេញនូវរោគសញ្ញាមួយចំនួនផងដែរដូចជា អ្នកជំងឺក្តៅខ្លួន ផ្តាសាយ ភ្នែកទ្បើងពណ៌លឿន និងទឹកនោមពណ៌លឿជាដើម ។ ទោះជាយ៉ាងណា ៩០%ចំពោះអ្នកដែលកើតមានជំងឺនេះ ដែលមិនមានរោគសញ្ញា ដូច្នេះហើយបានជាអ្នកជំងឺច្រើនតែហួសពេល ដោយជំងឺនេះអាចវិវឌ្ឍទៅរកអាការធ្ងន់ ដែលអាចឈានដល់ការកើតមានជំងឺក្រិនថ្លើម មហារីកថ្លើមទើបវាលេចចេញនូវរោគសញ្ញានេះឱ្យអ្នកជំងឺបានដឹង ។
មេរោគរលាកថ្លើមប្រភេទបេ មិនឆ្លងតាមចំណីអាហារ ទឹក ការឱបថើប ការនិយាយគ្នា ការចាប់ដៃគ្នា ក្អក ឬកណ្តាស់នោះទេ ។ លោកអ្នកអាចឆ្លងជំងឺរលាកថ្លើមប្រភេទបេនេះ តាមរយៈឈាម ទឹកកាម ទឹករងៃ ទឹករំអិលដូចជា៖
-ការរួមភេទជាមួយអ្នកដែលមានជំងឺថ្លើមប្រភេទបេដោយពុំបានការពារ
-ការចាក់ថ្នាំដោយប្រើសឺរ៉ាំងនិងម្ជុលប្រលាក់ឈាម
-ឆ្លងពីម្តាយទៅកូននៅពេលសម្រាល និងឆ្លងតាមការរស់នៅជាមួយអ្នកជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទបេ ។
-ការសាក់ឬចោះត្រចៀក ការប្រើសម្ភាររួមគ្នាជាមួយអ្នកមានមេរោគថ្លើមប្រភេទបេដូចជាប្រដាប់កោរពុកមាត់ ច្រាស់ដុសធ្មេញជាដើម ក៏ជាមូលហេតុអាចឆ្លងដែរ ។
ជំងឺរលាកថ្លើមប្រភេទ B គឺជាការបង្ករោគទៅលើកោសិកាថ្លើម ដែលបណ្តាលមកពីវីរុសថ្លើមប្រភេទ B ។ ការបង្ករោគនេះ អាចមានពីរដំណាក់កាល គឺដំណាក់កាលស្រួចស្រាល់ និងដំណាក់កាលរ៉ាំរ៉ៃ ដំណាក់កាលទាំងពីរនេះមាន៖
១-រលាកថ្លើមប្រភេទបេស្រួចស្រាវ៖ គឺជាជំងឺដែលកើតទ្បើងនៅពេលដែលឆ្លងមេរោគនោះដំបូងរហូតដល់រយៈពេលប្រហែល៦ខែហើយជំងឺរលាកថ្លើមប្រភេទនេះអាចវិវត្តន៍វិលទៅជាសះស្បើយរហូតដល់៩៥% បើមេរោគនៅមានកម្រិតស្រាល ។ តែផ្ទុយទៅវិញ ជំងឺរលាកថ្លើមស្រួចស្រាល់វិវឌ្ឍទៅជាជំងឺរលាកថ្លើមរ៉ាំរ៉ៃរហូតដល់៩០% បើវាឆ្លងទៅក្មេងដែលមានអាយុតិចជាង១ឆ្នាំ ។
២-ជំងឺរលាកថ្លើមប្រភេទបេរ៉ាំរ៉ៃ គឺជាការវិវឌ្ឍពីដំណាក់កាលស្រួចស្រាល់ ហើយមេរោគមានការវិវឌ្ឍនៅក្នុងឈាមលើសពី៦ខែ និងរហូតអស់មួយជីវិត ។ ជំងឺរលាកថ្លើមប្រភេទបេរ៉ាំរ៉ៃអាចបណ្តាលឱ្យក្រិនថ្លើម មហារីកថ្លើម ថ្លើមឈប់ដំណើរការ និងបណ្តាលឱ្យស្លាប់បាន ។
ជំងឺថ្លើមប្រភេទ B អាចបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដែលកត្តាជាចម្បងនោះគឺអាចធ្វើឱ្យបាត់បង់ជីវិត ។ មកដល់បច្ចុប្បន្ន មិនទាន់មានថ្នាំព្យាបាលសម្លាប់មេរោគនេះនៅទ្បើយទេ ។ តែជាភ័ព្វសំណាងរបស់មនុស្សយើង ព្រោះជំងឺនេះមានវ៉ាក់សាំងចាក់បង្ការកុំឱ្យកើតមានជំងឺនេះបានរហូតដល់១០០ភាគរយ ៕