ពាក្យថា Depression ប្រែថា ការបាក់ទឹកចិត្ត ដែលជាជំងឺផ្លូវចិត្តមួយប្រភេទ ដែលកើតឡើងជាញឹកញាប់លើមនុស្សភាគច្រើន។ ជំងឺផ្លូវចិត្តមួយនេះត្រូវបានគេសង្កេតឃើញថាធ្វើឲ្យមានអាការៈផ្លូវចិត្តមួយចំនួនដូចជា មានអារម្មណ៍ពិបាកចិត្ត និងលែងចាប់អារម្មណ៍នូវអ្វីដែលធ្លាប់តែចូលចិត្តពីមុនជាប់រហូត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការបាក់ទឹកចិត្តក៏ធ្វើឲ្យមានបញ្ហាផ្លូវកាយផងដែរ។
មានហេតុផលមួយចំនួនដែលធ្វើឲ្យការបាក់ទឹកចិត្តប៉ះពាល់ដល់ផ្លូវកាយ រហូតដល់មានជំងឺផ្លូវកាយថែមទៀត។ ខាងក្រោមនេះគឺជាអាការរាងកាយខុសៗគ្នាមួយចំនួន និងមូលហេតុដែលវាកើតឡើង
រាករូស ឈឺក្រពះ និងដំបៅ
ខួរក្បាល និងប្រព័ន្ធក្រពះពោះវៀនគឺធ្វើការជាមួយគ្នាដោយផ្ទាល់។ ការបាក់ទឹកចិត្ត ថប់អារម្មណ៍ និងស្រ្តេសត្រូវបានគេបង្ហាញថា ប៉ះពាល់ដល់ចលនា និងការកន្ត្រាក់របស់ក្រពះពោះវៀន ដែលធ្វើឲ្យរាករូស ទល់លាមក និងចង្អោ។ ក្រៅពីនេះ វាក៏ធ្វើឲ្យក្រពះបញ្ចេញអាស៊ីតកាន់តែច្រើនរហូតដល់បង្កជាដំបៅក្រពះផងដែរ។
រំខានដល់ការគេង
បញ្ហានៃការគេងគឺជាអាការៈញឹកញាប់មួយនៃការបាក់ទឹកចិត្ត។ វាអាចមាន ការពិបាកគេងលក់ និងគេងមិនបានស្កប់ជាដើម។ ការបាក់ទឹកចិត្តក៏អាចធ្វើឲ្យគេងមិនលក់កាន់តែធ្ងន់ធ្ងរ ហើយការគេងមិនលក់ក៏ប្រឈមនឹងការបាក់ទឹកចិត្តកាន់តែខ្លាំងដែរ។
ប្រព័ន្ធភាពស៊ាំចុះខ្សោយ
នៅពេលគេង ប្រព័ន្ធភាពស៊ាំនឹងផលិតជា Cytokines និងសារធាតុផ្សេងៗទៀតដែលជួយដល់រាងកាយក្នុងការប្រឆាំងការបង្ករោគ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការគេងមិនបានគ្រប់អាចរំខានដល់ដំណើរការណ៍មួយនេះបាន ហើយក៏ជាអាការៈញឹកញាប់របស់ការបាក់ទឹកចិត្ត ព្រមទាំងប្រឈមកាន់តែខ្ពស់ទៀតនឹងការបង្ករោគ និងជំងឺផ្សេងៗ។
បេះដូងដើរញ៉ាប់ និងលើសសម្ពាធឈាម
ការបាក់ទឹកចិត្ត និងស្រ្តេសមានទំនាក់ទំនងគ្នាយ៉ាងខ្លាំង ហើយវាទាំងពីនេះក៏មានឥទ្ធិពលទៅលើបេះដូង និងសម្ពាធឈាមផងដែរ។ ការដែលគ្រប់គ្រងស្រ្តេស និងសម្ពាធឈាមមិនបានល្អ អាចបណ្តាលឲ្យបេះដូងលោតខុសចង្វាក់ លើសសម្ពាធឈាម និងខូចសរសៃឈាមអាក់ទែថែមទៀតផង។
ស្រកទម្ងន់ ឬឡើងទម្ងន់
អារម្មណ៍មនុស្សយើងតែងតែប៉ះពាល់ដល់ការញ៉ាំអាហារ។ អ្នកខ្លះ បាក់ទឹកចិត្តធ្វើឲ្យមិនឃ្លានអាហារ រហូតដល់ស្រកទម្ងន់ ហើយខ្លះទៀត ធ្វើឲ្យញ៉ាំតែអាហារមិនផ្តល់សុខភាព ហើយមិនហាត់ប្រាណ ដែលជាហេតុនាំឲ្យឡើងទម្ងន់ខ្លាំងទៅៗ។ ការធាត់ជ្រុលក៏ត្រូវបានគេរកឃើញជាញឹកញាប់ចំពោះអ្នកបាក់ទឹកចិត្តផងដែរ។
ឈឺក្បាល
៣០ ទៅ ៦០ភាគរយនៃអ្នកបាក់ទឹកចិត្តគឺជួបបញ្ហាឈឺក្បាល។ ការបាក់ទឹកចិត្ត និងអាការៈពាក់ព័ន្ធដូចជា ស្រ្តេស និងថប់អារម្មណ៍ត្រូវបានគេរកឃើញថា ជាអ្នកធ្វើឲ្យឈឺក្បាលបែបតឹងៗ។
ឈឺសាច់ដុំ និងសន្លាក់
មានទំនាក់ទំនងច្បាស់ការមួយដែលថា ការបាក់ទឹកចិត្តអាចធ្វើឲ្យឈឺចាប់ ហើយការឈឺនេះអាចធ្វើឲ្យបាក់ទឹកចិត្តដែរ។ ការឈឺខ្នង និងសន្លាក់ផ្សេងៗទៀត ព្រមតាំងឈឺសាច់ដុំគឺជាអាការៈរាងកាយញឹកញាប់មួយនៃការបាក់ទឹកចិត្ត។ ការបាក់ទឹកចិត្ត និងបញ្ហាអារម្មណ៍ផ្សេងៗទៀតត្រូវបានគេរកឃើញថា ធ្វើឲ្យមានការផ្លាស់ប្តូរលក្ខណៈនៃការឈឺចាប់ រហូតដល់ធ្វើឲ្យឈឺចាប់កាន់តែខ្លាំងថែមទៀត៕