ផ្លែឈើជាទូទៅមានរសជាតិផ្អែម ដូច្នេះមនុស្សជាច្រើនតែងគិតថា អ្នកជំងឺទឹកនោមផ្អែមគួរចៀសវាងការទទួលទានផ្លែឈើទាំងនេះ។ ប៉ុន្តែមានផ្លែឈើមួយចំនួនមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម។ ផ្លែឈើទាំងនោះសំបូរទៅដោយវីតាមីន សារធាតុរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម ។
ខាងក្រោមនេះជាកំពូលផ្លែឈើទាំង៥សម្រាប់អ្នកជំងឺទឹកនោមផ្អែម ៖
១-ផ្លែប៉ោម
ផ្លែប៉ោអាចផ្តល់ការការពារប្រឆាំងនឹងជំងឺទឹកនោមផ្អែម ។ វាមានជាតិកាកសរសៃខ្ពស់ វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាក៏មានសារជាតិ pectin ដែលជួយក្នុងការបញ្ចេញកាកសំណល់ពីរាងកាយ ព្រមទាំងបន្ថយតម្រូវការអាំងស៊ុយលីនបានដល់ទៅ ៣៥ % ចំពោះអ្នកជំងឺទឹកនោមផ្អែម។ លើសពីនេះទៅទៀតផ្លែប៉ោមអាចជួយការពារជំងឺគាំងបេះដូង កាត់បន្ថយហានិភ័យនៃជំងឺមហារីក និងទប់ស្កាត់ជំងឺភ្នែកចំពោះអ្នកមានជំងឺទឹកនោមផ្អែម ។
២-ត្របែក
ត្របែកមានសារធាតុ lycopene ក្នុងកម្រិតមួយខ្ពស់ ព្រមទាំងជាតិកាកសរសៃ វីតាមីន C និងសារជាតិប៉ូតាស្យូម ។ សរធាតុចិញ្ចឹមទាំងអស់នេះមានប្រយោជន៍ក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាម ។ អ្នកដែលមានហានិភ័យក្នុងការកើតជំងឺទឹកនោមផ្អែមគួរទទួលទានតែស្លឹកត្របែកដើម្បីទប់ស្កាត់ជំងឺនេះ។
៣-ក្រូចថ្លុង
ក្រូចថ្លុងជាអាហារពិសេសមួយដែលបានណែនាំដោយសមាគមជំងឺទឹកនោមផ្អែមសហរដ្ឋអាមេរិកសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ វាមានជាតិកាកសរសៃ និងវីតាមីន C ខ្ពស់ និងមានសារជាតិស្ករទាប ។ លើសពីនេះ ក្រូចថ្លុងមានសារជាតិ flavonoids ដែលត្រូវបានគេស្គាល់ថាជា naringenin ដែលបង្កើនការងាយប្រតិកម្មទៅនឹងអាំងស៊ុយលីននៅក្នុងរាងកាយ និងជួយរក្សាទម្ងន់ដែលជាកត្តាសំខាន់ក្នុងការការពារ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម ។
៤-ផ្លែក្រូច
ផ្លែក្រូចគឺជាផ្លែឈើមួយប្រភេទដែលល្អសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ។ ផ្លែក្រូចមិនមានជាតិស្ករធម្មជាតិខ្ពស់ពេកទេ និងមានជាតិកាកសរសៃច្រើន ព្រមទាំងវីតាមីន C និងសារធាតុរ៉ែ ផ្សេងៗទៀតដូចជា thiamin ដែលអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ។
៥-ឃីវី
ការទាក់ទងបែបវិជ្ជមានមួយរវាងការទទួលទានផ្លែឃីវី និងការកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមត្រូវបានគេរកឃើញ ។ ឃីវីមានផ្ទុកវីតាមីន C E និង A ព្រមទាំងសារជាតិ flavonoids ប៉ូតាស្យូម និងបរិមាណដ៏ច្រើននៃសារធាតុ Beta-carotene ដែលជួយការពាររាងកាយពីរ៉ាឌីកាល់សេរី និងពង្រឹងសុខភាពទូទៅ។ លើសពីនេះ ផ្លែឃីវីមានជាតិកាកសរសៃច្រើន និងមានជាតិកាបូអីុដ្រាតទាបដែលជាជំនួយក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងបន្ថយកម្រិតកូឡេស្តេរ៉ុល ៕