តើអ្នកកំពុងជួបប្រទះបញ្ហានៃជំងឺថប់បារម្ភមែនទេ? ហើយមិនថាអ្នកព្យាយាមប្រឹងប្រែងយកឈ្នះលើអាការៈនៃជំងឺប៉ុណ្ណា ក៏វាហាក់ដូចជាមិនប្រសើរឡើងឬ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នោះអាចប្រហែលមកពីអ្នកមិនព្រមកាត់បន្ថយ ឬបញ្ឈប់ទម្លាប់មួយចំនួនដែលបង្កឱ្យស្ថានភាពនៃជំងឺថប់បារម្ភកាន់តែធ្ងន់ធ្ងរ! ហើយភាគច្រើនអ្នកធ្វើសកម្មភាព ឬទម្លាប់មិនល្អទាំងនោះដោយមិនដឹងខ្លួនថាវាអាចបង្កផលប៉ះពាល់។ ថាតើទម្លាប់ទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាបដែលអ្នកគួរបញ្ឈប់ ប្រសិនបើមិនចង់ឱ្យស្ថានភាពនៃជំងឺថប់បារម្ភកាន់តែយ៉ាប់យ៊ឺន ៖

១. ចំណាយពេលនៅតែម្នាក់ឯងច្រើនពេក

ការជ្រើសរើសនៅតែម្នាក់ឯងសឹងគ្រប់ពេល គឺមិនមែនជាគំនិតល្អឡើយ ជាពិសេសប្រសិនបើអ្នកមានបញ្ហាជំងឺថប់បារម្ភ។ ក្រុមអ្នកជំនាញក៏បានឱ្យដឹងថា ដូចគ្នានេះផងដែរថា ការចំណាយពេលនៅតែម្នាក់ឯងច្រើនពេក គឺមិនល្អសោះឡើយសម្រាប់អ្នកជំងឺថប់បារម្ភ ដោយវាអាចធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ឡើង។ ជំនួសមកវិញ អ្វីដែលអ្នកត្រូវធ្វើ គឺចំណាយពេលជាមួយសមាជិកគ្រួសារ និងមិត្តភក្តិ ហើយធ្វើសកម្មភាពកំសាន្តផ្សេងៗ ឬសាងការចងចាំល្អៗជាមួយពួកគេដើម្បីរក្សាចិត្តឱ្យរវល់ភ្លេចទុក្ខកង្វល់ ក៏ដូចជាការខ្វល់ខ្វាយហួសហេតុ។

២. មិនចំណាយពេលធ្វើលំហាត់ប្រាណ ឬសកម្មភាពរាងកាយសោះ

មនុស្សសឹងតែគ្រប់គ្នាដឹងហើយថា ការធ្វើលំហាត់ប្រាណ គឺំមិនត្រឹមតែជួយឱ្យអ្នកមានរូបរាងស្រស់ស្អាតសុខភាពផ្លូវកាយល្អប្រសើរឡើយ ប៉ុន្តែក៏ធ្វើឱ្យអ្នកមានអារម្មណ៍សប្បាយចិត្តផងដែរ។ នោះក៏ព្រោះតែខួរក្បាលពោរពេញទៅដោយអ័រម៉ូនរីករាយនៅពេលអ្នកធ្វើលំហាត់ប្រាណណាមួយ។ សកម្មភាពរាងកាយភាគច្រើនអាចរាប់ជាទម្រង់នៃលំហាត់ប្រាណ ដូច្នេះហើយទើបការដើរ ឬគ្រាន់តែរត់ត្រឹកៗជំនួសការអង្គុយ ឬគេងអាចជួយលើកអារម្មណ៍របស់អ្នកជៀសផុតពីអាការៈនៃជំងឺថប់បារម្ភ។ វាក៏ជាគំនិតដ៏ប្រសើរបំផុតមួយដែរក្នុងការចំណាយពេលនៅក្រោម ឬត្រូវពន្លឺព្រះអាទិត្យខ្លះ ក៏ព្រោះវាជាប្រភពដ៏ល្អនៃវីតាមីន D សារធាតុចិញ្ចឹមដ៏ចាំបាច់មួយសម្រាប់រក្សាអារម្មណ៍ស្រស់ស្រាយ។

៣. ការទទួលទានកាហ្វេច្រើនហួស

វាមិនមែនជារឿងចំលែកអ្វីឡើយដែលការទទួលទានកាហ្វេអាចបណ្ដាលឱ្យកើតមានអាការៈញ័រ, ចង្អោរចង់ក្អួត និងបេះដូងលោតញាប់ខុសប្រក្រតី ជាពិសេសចំពោះអ្នកដែលចាញ់ជាតិកាហ្វេអ៊ីន។ ជាតិកាហ្វេអ៊ីនអាចបង្កបញ្ហានៃជំងឺថប់បារម្ភ ឬធ្វើឱ្យស្ថានភាពកាន់តែយ៉ាប់យ៊ឺនឡើង ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហានៃជំងឺនេះស្រាប់។ ដូច្នេះដើម្បីជាការប្រសើរ ចូរកាត់បន្ថយ ឬបញ្ឈប់ការទទួលទានកាហ្វេតែម្ដង។ ហើយអ្នកក៏គួរតែកម្រិតការទទួលទានភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនដទៃដូចជា តែ, ភេសជ្ជៈកំប៉ុង និងភេសជ្ជៈប៉ូវកម្លាំងផង។

៤. រំលងម៉ោងអាហារ

តើអ្នកធ្លាប់ដឹងទេថាការភ្លេច ឬរំលងម៉ោងទទួលទានអាហារអាចណ្ដាលឱ្យអ្នកជួបប្រទះបញ្ហានៃជំងឺថប់បារម្ភ ឬធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង? នោះក៏ព្រោះតែនៅពេលអ្នកមិនទទួលទានអាហារកម្រិតនៃជាតិស្ករក្នុងឈាមត្រូវថយចុះ ហើយអាចបង្កជាអាការៈនៃជំងឺថប់បារម្ភ។

៥. គេងមិនគ្រប់

ការមិនងងុយគេងជារោគសញ្ញាទូទៅបំផុតមួយនៃជំងឺថប់បារម្ភ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរព្យាយាមយកឈ្នះលើបញ្ហានេះឱ្យបាន។ កង្វះនៃការគេងអាចបង្កើនកម្រិតនៃអ័រម៉ូនស្ត្រេសដែលធ្វើឱ្យស្ថានភាពនៃជំងឺកាន់តែយ៉ាប់ឡើងគួរឱ្យព្រួយបារម្ភ។

៦. ការចំណាយពេលច្រើនពេកលើបណ្ដាញសង្គម

ការសិក្សាស្រាវជ្រាវជាច្រើនបានឱ្យដឹងថា ការចំណាយពេលច្រើនលើបណ្ដាញសង្គមអាចធ្វើឱ្យអ្នកងាយនឹងមានអារម្មណ៍តានតឹង,មិនសប្បាយចិត្ត ក៏ដូចជាថប់បារម្ភ។ នោះក៏ព្រោះតែពេលខ្លះក្រោយឃើញស្ថានភាពជោគជ័យរបស់នរណាម្នាក់ហើយ អ្នកចាប់ផ្ដើមមានអារម្មណ៍គិតថាខ្លួនឯងអន់ជាងគេខ្លាំងដែលធ្វើឱ្យក្លាយជាកង្វល់ក្នុងចិត្ត ឬថប់បារម្ភ។ ហើយបើយោងតាមការស្ទាបស្ទង់មតិសាកលវិទ្យាល័យរដ្ឋ Michigan សហរដ្ឋអាមេរិក ឆ្នាំ ២០១៣ ក៏បានឱ្យដឹងដែរថា អ្នកដែលសារភាពថាបានចំណាយពេលច្រើនលើបណ្ដាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយនានាតាមរយៈឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទច្រើនជួបប្រទះរោគសញ្ញា ឬអាការៈនៃជំងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភ។