តើយើងអាចដោះស្រាយបញ្ហាច្រាលទឹកអាស៊ីតក្រពះតាមបែបធម្មជាតិ ងាយៗបានដែរឬទេ ? វិធីព្យាបាលជំងឺច្រាលទឹកអាស៊ីតក្រពះតាមរយៈការទទួលទានអាហារមួយចំនួនដូចខាងក្រោម ៖
១. ផ្លែចេក ៖ ទទួលទានចេកមួយភ្លាម ប្រសិនបើអ្នកជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ ។ ជាតិម្សៅដែលផ្លែចេកមានផ្ទុកនឹងធ្វើឲ្យអ្នកធូរស្រាលពីអាការនៃជំងឺបានយ៉ាងឆាប់រហ័ស ប៉ុន្តែត្រូវប្រាកដថា ចេកដែលអ្នកយកមកទទួលទាន គឺទុំល្អហើយ ក៏ព្រោះចេកខ្ចីអាចធ្វើឲ្យអាការកាន់តែអាក្រក់ឡើង ។
២. យ៉ាអ៊ួរ ៖ ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា យ៉ាអួរគឺល្អសម្រាប់ពោះវៀន ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថា បង្អែមមួយប្រភេទនេះក៏ល្អក្នុងការកម្ចាត់អាការនៃជំងឺច្រាលទឹកអាស៊ីតក្រពះដែរ ? ដូច្នេះចាប់ពីពេលនេះទៅ ប្រសិនបើអ្នកពិបាកក្នុងខ្លួនដោយសារការច្រាលទឹកអាស៊ីតក្រពះ ចូរទទួលទានយ៉ាអ៊ួរ ។
៣.ទឹកដោះគោស្រស់ ៖ ត្រឹមតែ១កែវ នៃទឹកដោះគោស្រស់ក៏អាចបំបាត់អាការនៃការច្រាលទឹកអាស៊ីតក្រពះបានដែរ ។ ទោះជាយ៉ាងណាក៏ដោយ ទឹកដោះគោ និងអាហារផ្សំឡើងពីជាតិទឹកដោះគោដទៃទៀតអាចបង្កឲ្យមានការកើនឡើងនៃទឹកអាស៊ីតចំពោះមនុស្សមួយចំនួន ។
៤. ទឹក ៖ ប្រសិនបើទឹកដោះគោបែរជាធ្វើឲ្យអាការរបស់អ្នកកាន់តែអាក្រក់ជាងមុន ចូរទទួលទានទឹកធម្មតា១កែវជំនួសវិញ ។ ទឹកមានប្រសិទ្ធភាពធ្វើឲ្យទឹកអាស៊ីតក្រពះស្រាល ឬខ្សោយ ហើយដើម្បីជាការប្រសើរនោះចូរទទួលតានទឹក១ទៅ២កែវនៅពេលព្រឹក ខណៈពេលពោះទទេ ប្រសិនបើអ្នកងាយនឹងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ ។
៥. ទឹកប្រទាលកន្ទុយក្រពើ ៖ ការទទួលទានទឹកប្រទាលកន្ទុយក្រពើ ក៏មានអត្ថប្រយោជន៍ណាស់ដែរខណៈពេលអ្នកកំពុងទទួលរងបញ្ហាច្រាលអាស៊ីតក្រពះ ដោយភេសជ្ជៈនេះជួយគ្របស្រទាប់បំពង់អាហារ និងក្រពះ ទប់ស្កាត់ការរលាក ។ ទោះជាយ៉ាងណាត្រូវប្រាកដថា ទឹកប្រទាលកន្ទុយក្រពើដែលអ្នកយកមកទទួលទាន គឺសុទ្ធ១០០ភាគរយ ។
៦.ម្រះព្រៅ ៖ គឺជាឱសថបែបធម្មជាតិដ៏ល្អសម្រាប់ព្យាបាលជំងឺច្រាលទឹកអាស៊ីតក្រពះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទំពារស្លឹកម្រះព្រៅស្រស់ចំនួន៥ស្លឹក ជាការស្រេច ។ អ្នកក៏អាចយកស្លឹកម្រះព្រៅទៅឆុងជាតែ រួចសឹមទទួលទានក៏បាន ៕